
គុណធម៌ = គុណ (ដំណើរ ធ្វើអោយចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃ គួរគោរព) + ធម៌ (ឧិវាទ ក្រិត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ) គុណធម៌មានន័យថា ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។ តើដំណើរប្រព្រឹត្តអំពើគុណធម៌ មានអ្វីខ្លះទៅជាឧទាហរណ៍?
- ការមានទឹកចិត្ត ជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះអាសន្ន ឬមាន ការខ្វះខាត ជាដើម។
- ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នា ទៅវិញទៅមក។
- ការនិយាយស្ដីលើកកម្លាំងចិត្ត
- ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា
- ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋ ក្នុងសង្គមគ្រួសារខ្លួន ឬសង្គមជាតិ អោយចេះជួយខ្លួនឯង អោយរៀនស្វែងរកផ្លូវប្រសើរ ក្នុងជីវិត
- ការមានសេចក្ដីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស ដែលមិនអាច ជួយខ្លួនឯងបាន
- ការផ្ដល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស អោយចាកផុត ពីការប្រព្រឹត្ត អំពើអាក្រក់ ជាដើម។
រក្សាសិទ្ធិ និង ស្រាវជ្រាវ ដោយ CHII WITT
0 Comments