រឿង "សេដ្ឋី
និងយមរាជ" ចំណាយពេលអានឲ្យចប់ នឹងទទួលបានគតិដ៏ល្អសម្រាប់ជីវិត
មានសេដ្ឋីម្នាក់កំពុងភ្លឹកជិតស្លាប់
ហើយក៏មានយមរាជបង្ហាញខ្លួនដើម្បីមកទទួលវិញ្ញាណរបស់សេដ្ឋីម្នាក់នោះ។
សេដ្ឋីសួរយមរាជថា៖
“ពេលខ្ញុំស្លាប់ហើយ តើខ្ញុំនឹងត្រូវឡើងឋានសួគ៌ ឬចុះនរក?”
“ចុះនរក!” យមរាជពោល
សេដ្ឋីនៅពេលបានឮបែបនេះហើយក៏មានអារម្មណ៍ខឹងច្រឡោតភ្លាម
និងសួរត្រលប់ទៅយមរាជវិញថា៖
“ហេតុអីខ្ញុំត្រូវធ្លាក់នរក? ខ្ញុំខំចំណាយលុយកសាងវត្ត
កសាងវិហារ សាលារៀនមួយគំនរ មានទាំងបរិច្ចាគលុយឲ្យអង្គការជាច្រើនទៀត
ហេតុអីខ្ញុំនៅតែត្រូវចុះនរក ខ្ញុំមិនព្រមដាច់ខាត!”
“បើឯងមិនសុខចិត្ត យើងនឹងឲ្យពេលឯងមួយអាទិត្យទៀត
ក្នុងរយៈពេលមួយអាទិត្យនេះ បើឯងអាចទទួលបានស្នាមញញឹមចេញពីចិត្តតែ៣ដង
ឯងនឹងអាចឡើងឋានសួគ៌បាន!”
សេដ្ឋីស្ដាប់ហើយធូរស្រាលចិត្តពន់ពេក
ហើយក៏គិតក្នុងចិត្តថា “អីគេគ្រាន់តែស្នាមញញឹមពីចិត្ត៣ដង
មានអីទៅលំបាក!”
នៅពេលយមរាជរលាយខ្លួនបានទៅ
សេដ្ឋីក៏រកនឹកថាអ្នកណាជាមនុស្សដំបូងដែលនឹងផ្ដល់ស្នាមញញឹមពីចិត្តឲ្យខ្លួនបាន។
ទឹកមុខរបស់ភរិយាក៏លេចធ្លោក្នុងការគិតរបស់គាត់។
គាត់និងប្រពន្ធបានរៀបការជាមួយគ្នាសែសិបឆ្នាំហើយ។
ភរិយានេះហើយដែលគួរផ្ដល់ស្នាមញញឹមពីចិត្តឲ្យគាត់ដំបូងគេ
ដូច្នេះគាត់ក៏បានចំណាយប្រាក់ជាច្រើនទិញគ្រឿងពេជ្រមួយឈុតធំប្រគល់ឲ្យប្រពន្ធ។
នៅពេលបានទទួលអំណោយនេះ ប្រពន្ធរបស់គាត់ត្រេកអរ
ហើយក៏ចម្លែកចិត្តយ៉ាងខ្លាំង។
ប៉ុន្តែយមរាជក៏និយាយប្រាប់សេដ្ឋីថា៖
“នេះមិនមែនជាស្នាមញញឹមចេញពីចិត្តពិតៗនោះទេ នាងគ្រាន់តែត្រេកអរដែលបានទទួលគ្រឿងពេជ្រនេះប៉ុណ្ណោះ”
សេដ្ឋីមានអារម្មណ៍ចម្លែកចិត្តជាមួយពាក្យសម្ដីរបស់យមរាជ
ក៏ខំទៅទិញឡាន ទិញផ្ទះឲ្យប្រពន្ធទៀត
ដោយគិតថាប្រពន្ធរបស់គាត់ប្រាកដជាពេញចិត្ត។ ប៉ុន្តែអ្វីដែលចម្លែក
ប្រពន្ធរបស់គាត់សប្បាយចិត្តខ្លាំងតែស្នាមញញឹមរបស់គាត់នៅតែត្រូវបានយមរាជនិយាយថាមិនមែនស្នាមញញឹមចេញពីចិត្តឡើយ។
ពេលវេលាកន្លងផុតចូលថ្ងៃទី៣ហើយ
សេដ្ឋីកាន់តែមានអារម្មណ៍ក្រហល់ក្រហាយក្នុងចិត្ត
ព្រោះគាត់មានពេលវេលានៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។
មនុស្សដែលគាត់គិតថានឹងអាចទទួលបានស្នាមញញឹមដំបូង
ក៏មិនអាចទទួលបានងាយស្រួលដូចជាការគិតរបស់គាត់ឡើយ។
ព្រឹកថ្ងៃទី៤ គាត់ក៏ក្រោកតាំងពីព្រលឹម
ដោយគិតថាខ្លួនឯងនឹងត្រូវស្លាប់ក្នុងរយៈពេល៣ថ្ងៃទៀតហើយ
ហើយអ្វីដែលគាត់គួរផ្ដល់ឲ្យភរិយាគាត់ក៏បានធ្វើអស់ហើយ។
គាត់ដើរបណ្ដើរគិតបណ្ដើររហូតចូលមកដល់ចង្ក្រានបាយ
ក៏ទាញខ្ទះមកចៀនពងទា និងសាច់ក្រក។ ក្រោយមកក៏អាំងនំប៉័ង។
គាត់បានធ្វើអាហារពេលព្រឹកដែលគាត់មិនដែលបានធ្វើជាយូរណាស់មកហើយ។
នៅពេលប្រពន្ធរបស់គាត់ចុះមកពីជាន់លើ
ឃើញប្ដីសម្លាញ់ចូលផ្ទះបាយធ្វើអាហារពេលព្រឹកដូច្នេះ
ក៏មានអារម្មណ៍ចម្លែកក្នុងចិត្តជាខ្លាំង
ព្រោះក្នុងផ្ទះនេះក៏មានអ្នកបម្រើជាច្រើននាក់
ហើយរបស់អស់នេះក៏មិនចាំបាច់ឲ្យប្ដីរបស់គាត់លំបាកធ្វើដោយខ្លួនឯងដែរ។
សេដ្ឋីលើកអាហារទាំងអស់មកដាក់លើតុ
ហើយក៏អញ្ជើញភរិយាទទួលទានអាហារពេលព្រឹកដែលគាត់បានត្រៀមទុកឲ្យ។
នៅពេលលើកអាហារនោះញ៉ាំមួយម៉ាត់ដំបូង
ប្រពន្ធរបស់គាត់ក៏ស្រក់ទឹកភ្នែកហើយញញឹមដាក់គាត់។
“បងសម្លាញ់ បងនៅចាំកាលដែលយើងទើបកសាងគ្រួសារថ្មីៗទេ
ពេលនោះយើងនៅក្រនៅឡើយ
បងធ្វើអាហារពេលព្រឹកងាយៗបែបនេះឲ្យអូនញ៉ាំរាល់ព្រឹក
អូនសប្បាយចិត្តណាស់ដែលព្រឹកនេះបានញ៉ាំអាហារស្នាដៃរបស់បងម្ដងទៀត”
នៅខណៈនោះ សេដ្ឋីក៏អាចទទួលអារម្មណ៍ថា ស្នាមញញឹមរបស់ភរិយាគឺជាស្នាមញញឹមដ៏សែនស្រស់ស្អាតពិសេស
បើទោះបីគាត់មិនទាន់បានផាត់មុខធ្វើសក់
ប៉ុន្តែស្នាមញញឹមរបស់គាត់គឺជាស្នាមញញឹមដ៏បរិសុទ្ធចេញពីចិត្ត។
សេដ្ឋីក៏បានយល់ភ្លាមថា ជាច្រើនឆ្នាំមកនេះ
គាត់មិនដែលបានចំណាយពេលញ៉ាំអាហារពេលព្រឹកជាមួយប្រពន្ធឡើយ
ហើយក៏ភ្លេចថា
អ្វីដែលប្រពន្ធគាត់ត្រូវការពីគាត់នៅពេលឥលូវនេះគឺការយកចិត្តទុកដាក់ពីគាត់ប៉ុណ្ណោះឯង។
នៅព្រឹកនោះដែរ យមរាជក៏និយាយប្រាប់គាត់ថា
“ឯងបានស្នាមញញឹមចេញពីចិត្តម្ដងហើយ”
ព្រឹកថ្ងៃដដែលនោះ
គាត់ក៏ចូលក្រុមហ៊ុនហើយសង្ឃឹមថានឹងបានទទួលស្នាមញញឹមពីចិត្តជាលើកទីពីរពីកូនចៅដែលស្និទ្ធជាមួយគាត់បំផុត។
គាត់បានហៅកូនចៅជំនិតឲ្យចូលមកជួបក្នុងបន្ទប់ហើយប្រាប់ថា៖
“យើងសម្រេចចិត្តថានឹងឡើងតំណែងឲ្យឯងធ្វើជាអ្នកដឹកនាំជាន់ខ្ពស់បន្ទាប់ពីយើង
ហើយនឹងផ្ដល់ភាគហ៊ុនក្រុមហ៊ុនមួយចំណែកឲ្យឯង"
កូនចៅជំនិតសប្បាយចិត្តយ៉ាងខ្លាំង
ទឹកមុខរបស់គាត់ពេលនោះគឺពោរពេញដោយស្នាមញញឹមហើយក៏និយាយអរគុណគាត់ម្ដងហើយម្ដងទៀត។
ប៉ុន្តែសេដ្ឋីបែរជាមានអារម្មណ៍ថា ស្នាមញញឹមរបស់កូនចៅជំនិតមួយនេះនៅតែបង្កប់ទុក្ខព្រួយខ្លះនៅជាមួយ។
សេដ្ឋីបានតែងតាំងកូនចៅជំនិតឲ្យឡើងគ្រងតំណែងអ្នកចាត់ការជាន់ខ្ពស់ផ្លូវការ
ហើយក៏ប្រគល់ភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំណែកឲ្យគេ
ប៉ុន្តែសេដ្ឋីក៏មិនបានទទួលស្នាមញញឹមចេញពីចិត្តពិតៗរបស់កូនចៅម្នាក់នេះឡើយ។
ព្រឹកថ្ងៃទី៧ សេដ្ឋីក៏ហៅកូនចៅជំនិតម្នាក់នេះមកជួប
ហើយប្រាប់ថា លោកបានស៊ីញ៉េលិខិតអនុញ្ញាតឲ្យគេ ឈប់សម្រាក
ព្រមជាមួយសំបុត្រយន្តហោះទៅមកចំនួន៥សន្លឹកសម្រាប់គេ និងប្រពន្ធកូន។
“ឯងធ្វើការដូចលក់ជីវិតឲ្យយើងយូរណាស់ហើយ
យើងមិនដែលឲ្យឯងបានសម្រាកនៅជាមួយប្រពន្ធកូនទេ
ដូច្នេះយើងនឹងឲ្យឯងសម្រាកនៅជាមួយប្រពន្ធកូនមួយខែ
ព្រមនឹងសំបុទ្រយន្តហោះទៅកោះហាវ៉ៃ៥សន្លឹក
ឯងអាចនាំប្រពន្ធកូនទៅដើរលេងបាន”។
កូនចៅជំនិតមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង
ហើយទឹកមុខតានតឹងរបស់គេក៏ប្រែជាស្រស់ថ្លានិងបង្ហាញពីអារម្មណ៍កក់ក្ដៅចេញមកភ្លាម។
គេញញឹមចេញមកដោយទឹកមុខធូរស្បើយ
ដែលជាស្នាមញញឹមដែលគាត់មិនដែលបានឃើញពីកូនចៅម្នាក់នេះឡើយពីមុនមក
ធ្វើឲ្យគាត់មានអារម្មណ៍ថាសប្បាយចិត្តជាមួយដែរ។
“អរគុណណាស់លោកម្ចាស់
ខ្ញុំមិនបាននាំប្រពន្ធកូនដើរលេងយូរហើយ
ពួកគេប្រហែលគិតថាបេះដូងខ្ញុំធ្វើពីដែក
គ្មានមនោសញ្ចេតនាដូចឪពុកគេដទៃទេ។ ខ្ញុំនឹងធ្វើតាមលោកម្ចាស់
អរគុណលោកម្ចាស់ម្ដងទៀត!”
ស្ងាត់សំឡេងរបស់កូនចៅជំនិត
យមរាជក៏បានខ្សឹបប្រាប់សេដ្ឋីថា៖
“ឯងបានស្នាមញញឹមពីចិត្តជាលើកទីពីរហើយ”
សេដ្ឋីទើបតែទទួលបានស្នាមញញឹមពីចិត្តពីរដងប៉ុណ្ណោះ
តែទម្រាំបានពេលវេលារបស់គាត់ក៏នៅសល់មិនដល់មួយថ្ងៃឡើយ។ សេដ្ឋីបានត្រឹមតែដកដង្ហើមធំ។
“ប្រហែលយើងត្រូវទទួលស្គាល់ការពិតហើយ!”
សេដ្ឋីលាន់មាត់និយាយជាមួយខ្លួនឯង ព្រោះទាំងភរិយា និងកូនចៅជំនិត
គាត់ត្រូវប្រើពេលរហូត៧ថ្ងៃទើបបានស្នាមញញឹមចេញពីចិត្តរបស់ពួកគេ។
បើដូច្នេះគាត់ត្រូវទទួលស្គាល់និងយល់ព្រមចុះនរកដោយគ្មានជម្រើសអ្វីផ្សេងឡើយ។
ពេលនឹកដល់ឋាននរកអារម្មណ៍របស់គាត់ក៏សោកសៅជាខ្លាំង
គាត់ក៏សម្រេចចិត្តដោះអាវធំចេញ
ហើយក៏ដើរចេញពីក្រុមហ៊ុនដើម្បីជិះឡានក្រុងដើរកម្សាន្តទៅទីកន្លែងផ្សេងៗ។
នៅតាមផ្លូវគាត់ក៏នឹកឃើញបរិយាកាសចាស់ៗ
សម័យដែលគាត់ចាប់ផ្ដើមកសាងគ្រួសារជាមួយភរិយា។
បរិយាកាសបែបនេះគាត់មិនបានឃើញយល់យូរណាស់ហើយ ព្រោះធម្មតា
មិនថាគាត់ទៅដល់ណា
ក៏មានតែរថយន្តទំនើបព្រមជាមួយឯកសារដែលត្រូវពិនិត្យស៊ីញ៉េជាច្រើន។
គាត់ស្ទើរតែរកពេលចេញដើរតាមភូមិស្រុក
ផ្លូវតូចៗបែបនេះតែម្នាក់ឯងមិនបានឡើយ។ គាត់គិតថា
យ៉ាងណាៗមិនដល់ប៉ុន្មានម៉ោងទៀត គាត់ត្រូវយមរាជនាំទៅនរកហើយ
ដូច្នេះគួរប្រើពេលដែលនៅសល់នេះឲ្យសប្បាយចិត្តខ្លួនឯងវិញទៅចុះ
ខណៈដែលពេលនេះគាត់កំពុងទទួលអារម្មណ៍ស្រស់ថ្លាប្លែកពីពេលមុនៗទាំងអស់។
គាត់ដើរលើផ្លូវដែលមានមនុស្សម្នាត្រាច់ចរអ៊ូអរ
ហើយក៏បានឃើញក្មេងស្រីម្នាក់អង្គុយយំលើចិញ្ចើមផ្លូវ។
គ្មានអ្នកណាចាប់អារម្មណ៍នឹងក្មេងស្រីម្នាក់នោះឡើយ
ព្រោះម្នាក់ៗសុទ្ធតែប្រញាប់ទៅធ្វើការងាររៀងៗខ្លួន។
“យ៉ាងណាក៏យើងជិតស្លាប់ទៅហើយ
អីចឹងទៅសួរក្មេងស្រីនេះសិនចុះ ថាម៉េចបានជានាងយំ”
គិតហើយគាត់ក៏ដើរទៅរកក្មេងស្រីតូចនោះ
ក៏ដឹងថានាងវង្វេងឪពុកម្ដាយទើបអង្គុយយំ។ សេដ្ឋីបាននាំនាងទៅប៉ុស្តិ៍ប៉ូលិស
ហើយប្ដឹងថាមានកូនវង្វេងឪពុកម្ដាយនៅផ្សារ
សូមឲ្យអាជ្ញាធរជួយទាក់ទងស្រាវជ្រាវរកឪពុកម្ដាយក្មេងផង។
សេដ្ឋីអង្គុយចាំឪពុកម្ដាយរបស់ក្មេងតូចមកទទួលនាងយ៉ាងអន្ទះសារ។
សម្លឹងមើលនាឡិកា ពេលវេលារបស់គាត់ជិតអស់ហើយ។ នៅពេលឪពុកម្ដាយក្មេងមកដល់បន្ទប់រង់ចាំ
បីនាក់ឪពុកម្ដាយកូនក៏រត់ទៅឱបគ្នានិងស្រែកយំលាន់រំពងពេញប៉ុស្តិ៍ប៉ូលិស។
គាត់សម្លឹងមើលរូបភាពនោះដោយអារម្មណ៍រំភើប
និងស្កប់ស្កល់ក្នុងចិត្ត
“ពុទ្ធោ ការបានជួយអ្នកដទៃគឺជាក្ដីសុខយ៉ាងនេះឯង!”
សេដ្ឋីឧទានម្នាក់ឯងតិចៗ។ ប៉ុន្តែគាត់ក៏លែងបានញញឹមភ្លាមៗ
ព្រោះយមរាជបានបង្ហាញខ្លួននៅចំពោះមុខគាត់ហើយ។ គាត់លាដៃឲ្យយមរាជ
ប៉ុន្តែយមរាជក៏គ្រវីក្បាលត្រលប់ទៅគាត់វិញ។
“ឯងមិនបាច់ទៅឋាននរកជាមួយយើងទេ
ព្រោះឯងមានគុណសម្បត្តិគ្រប់គ្រាន់នឹងឡើងឋានសួគ៌បានហើយ!” យមរាជពោល។
សេដ្ឋីក៏បើកភ្នែកធំៗដោយមិនជឿអ្វីដែលខ្លួនបានឮ
“លោកថាម៉េច?” សេដ្ឋីសួរទាំងញ័រមាត់។
“ឯងរកបានស្នាមញញឹមចេញពីចិត្តទីបីហើយ”
យមរាជហុចកញ្ចក់ឲ្យសេដ្ឋីឆ្លុះមុខរបស់ខ្លួន និងនិយាយថា៖
“ការពិតវាទើបកើតចេញមកអម្បាញ់មិញនេះឯង”
សេដ្ឋីសម្លឹងមើលមុខខ្លួនឯងក្នុងកញ្ចក់
ឃើញទឹកមុខដ៏ស្រស់ថ្លា
ខុសប្លែកពីទឹកមុខក្រំក្រៀមគ្មានហុងស៊ុយរបស់គាត់កន្លងមក
ហើយស្នាមញញឹមនៅពេលនេះ
វាមិនមែនជាស្នាមញញឹមរបស់ប្រធានក្រុមហ៊ុនយក្សនោះទេ ប៉ុន្តែវាជាទឹកមុខរបស់បុរសចំណាស់ម្នាក់
ដែលពោរពេញ ដោយក្ដីមេត្តា។
គាត់បានមើលឃើញស្នាមញញឹមចេញពីចិត្តនៅលើផ្ទៃមុខរបស់ខ្លួនឯង។
“ចិត្តរបស់ឯងប្រែហើយ
គ្មានហេតុផលអ្វីដែលយើងត្រូវនាំឯងទៅនរកទៀតទេ
ប៉ុន្តែដោយពេលនេះទេវតាមិនទាន់មកទទួលឯងយកទៅ
នោះក៏មានន័យថាឯងមានពេលវេលាកសាងអំពើល្អលើលោកនេះបានបន្តទៀត”
និយាយចប់ យមរាជក៏រលាយបាត់ទៅមួយប៉ប្រិចភ្នែក
“ការពិតស្នាមញញឹមទីបី
គឺស្នាមញញឹមរបស់យើងខ្លួនឯងមែនទេនៀក?” សេដ្ឋីញីភ្នែកសម្លឹងមើលទៅខាងក្រៅប៉ុស្តិ៍ប៉ូលិសដោយអារម្មណ៍ស្កប់ស្កល់ក្នុងចិត្ត។
អ្នកមានជម្រើសពីរ៖
១. បើអ្នកបានអានហើយ យល់ឃើញថាមានប្រយោជន៍ដាស់តឿនសតិបាន
សូម Share ចែករំលែកជាធម្មទាន។
២. បើឃើញថាអត្ថបទខាងលើនេះ គ្មានប្រយោជន៍
យើងសូមអភ័យទោសដែលនាំឲ្យខាតពេលវេលាក្នុងការអាន
ចាត់ទុកថាគ្មានអ្វីកើតឡើងហើយបំភ្លេចវាចោលទៅចុះ ៕
0 Comments