មេរៀនទាំង១១ក្នុងភាពជាអ្នកដឹកនាំដែលអ្នកមិនបានរៀននៅសាលា..!!!


 

មានមេរៀនខ្លះគេមិនបង្រៀននៅសាលាពាណិជ្ជទេ។ សម្រាប់អ្នកដឹកនាំមុខជំនួញ មេរៀនក្នុងភាពជាអ្នកដឹកនាំគឺជាប្រធានបទដែលគេរៀនរាល់ថ្ងៃក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ មេរៀនសំខាន់ដែលត្រូវប្រើប្រាស់ជាប្រចាំហើយសហគ្រិនមិនបានរៀននៅសាលាគឺ​៖

 

១/ ផ្សារភ្ជាប់ជាមួយក្រុមការងារ

ផ្លូវរហ័សបំផុតដើម្បីទៅកាន់ជោគជ័យមិនមែនគ្រាន់តែប្រមូលផ្តុំមនុស្សឆ្លាត និងខំធ្វើការនោះទេ ប៉ុន្តែគេត្រូវធ្វើយ៉ាងណាឱ្យមានការផ្សារភ្ជាប់មនុស្សទៅនឹងគំនិតដែលធំលើសបុគ្គលម្នាក់ៗ ហើយជំរុញឱ្យសម្រេចគោលដៅជារួម។

 

២/ ស្តាប់

ការរៀនស្តាប់អ្នកដទៃនិយាយមិនមែនគ្រាន់តែជាទង្វើដែលងាយៗនោះទេ គេត្រូវធ្វើយកចិត្តទុកដាក់ ផ្តោតលើការស្វែងយល់ឱ្យស៊ីជម្រៅនូវបំណងពិតរបស់អ្នកនិយាយ។ ការពិតខ្លះមិនស្ថិតនៅលើពាក្យសម្តីទេ តែអ្នកនិយាយបង្កប់នៅក្នុងកាយវិការ និងការលើកដាក់សំឡេងទៅវិញទេ។

 

៣/ អភិវឌ្ឍខ្លួនរហូត

ទោះបីជាពេលនេះអ្នកបានឈានដល់កម្រិតណាក៏ដោយ ការឈានទៅរកភាពកាន់តែប្រសើរឡើងគឺជាគោលដៅដែលមិនត្រូវនៅនឹងថ្កល់ទេ។ មនុស្សយើងត្រូវតែវិនិយោគលើការរៀននិងអភិវឌ្ឍខ្លួនជាប្រចាំ។

 

៤/ រក្សាចិត្តឱ្យស្ងប់ស្ងៀម

ទោះបីជាអ្នកត្រូវជឿទុកចិត្តមនុស្ស ក៏អ្នកត្រូវតែប្រុងប្រៀបត្រៀមខ្លួនចំពោះស្ថានភាពអវិជ្ជមានដែលអាចនឹងកើតឡើងដោយចៃដន្យ ឬតាមការរៀបចំរបស់នរណាម្នាក់។ ដូច្នេះការរៀនធ្វើចិត្តឱ្យស្ងប់ពេលប្រឈមនឹងបញ្ហាគួរតែជារឿងដែលត្រូវមាន។

 

៥/ រៀនបណ្តោយតាមហេតុការណ៍

ការរៀនបណ្តោយខ្លួនតាមហេតុការណ៍ដែលមិនអាចគ្រប់គ្រងបានគឺជាជំនាញមួយក្នុងជីវិត។ មនុស្សខ្លះជួបការលំបាកនៅពេលប្តូរពីការធ្វើកិច្ចការទាំងអស់ដោយខ្លួនឯងទៅឱ្យក្រុមការងារជំនាញធ្វើជំនួស។ ប៉ុន្តែការពិត គ្មាននរណាម្នាក់រ៉ែកពុនសែងលីផែនដីតែម្នាក់ឯងបានទេ។

 

៦/ រៀនផ្តោតចិត្តលើកិច្ចការម្តងមួយ

មេរៀនសំខាន់បំផុតដែលមនុស្សភាគច្រើនគួរតែត្រឡប់ទៅចាប់ផ្តើមរៀនពីដំបូងមកវិញគឺការផ្តោតចិត្តទាំងស្រុងលើកិច្ចការម្តងមួយ។ កិច្ចការចម្រុះក្នុងពេលតែមួយនាំមកនូវភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងបង្កការឈឺក្បាលធ្វើមិនបានល្អ បើទោះជាការងារទាំងនោះកំប៉ិកកំប៉ុកប៉ុនណាក៏ដោយ។

 

៧/ រៀនមើលតាមការពិត

ក្នុងការសម្រេចចិត្ត មនុស្សយើងច្រើនតែប្រើប្រាស់អារម្មណ៍ ជាងគោលការណ៍។ ទម្រាំតែមេដឹកនាំម្នាក់អាចរៀនសម្រេចចិត្តផ្អែកលើការពិត គេត្រូវឆ្លងកាត់កំហុសឆ្គងនិងការខាតបង់ជាច្រើន។ ដូច្នេះមេរៀនដែលល្អបំផុតគួរតែជាការរៀនមើលស្ថានការតាមការពិតតាំងពីដំបូងទៅ។

 

៨/ វិភាគវែកញែកគំនិត

ការងប់ចិត្តស្រឡាញ់គំនិតអ្វីមួយមុននឹងពិចារណាឱ្យច្បាស់លាស់គឺជាទង្វើល្ងង់ខ្លៅរបស់មេដឹកនាំ។ អ្វីដែលអ្នកស្រឡាញ់នោះអាចមិនមានប្រយោជន៍ ឬគ្មានទំនាក់ទំនងអ្វីសោះជាមួយនឹងមនុស្សជុំវិញខ្លួន។

 

៩/ លើកទឹកចិត្តអ្នកដទៃ

មេដឹកនាំត្រូវតែមានលក្ខណៈសម្បត្តិពិសេសដើម្បីជំរុញទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យជឿជាក់និងធ្វើតាម។ ភាពជាអ្នកដឹកនាំមិនមានអ្វីលើសពីការនាំថាមពលមកចែកចាយដល់ក្រុមការងារនោះទេ ហើយថាមពលរបស់មេដឹកនាំ គឺជាថាមពលដែលប្រមូលផ្តុំនិងចែកចាយទៅឱ្យមនុស្សគ្រប់គ្នា។

 

១០/ រក្សាតុល្យភាព

ការរក្សាតុល្យភាពរវាងការលើកទឹកចិត្ត និងការទាមទារគឺជាជំនាញដែលមេដឹកនាំត្រូវចេះប្រើប្រាស់រាល់ថ្ងៃ។ មនុស្សខ្លះត្រូវការលើកចិត្តដើម្បីធ្វើកិច្ចការអ្វីមួយ ប៉ុន្តែអ្នកខ្លះទៀតទាល់តែស្តីបន្ទោសទើបគេចាប់ផ្តើមធ្វើការ។

 

១១/ រៀនបំបាក់ទម្លាប់ចាស់ចោល

អ្នកមិនអាចក្លាយជាមេដឹកនាំ និងសម្រេចចិត្តដោយមិនប៉ះពាល់អារម្មណ៍អ្នកដទៃឡើយ។ បើអ្នកចង់អភិវឌ្ឍ ឬកែប្រែអ្វីមួយឱ្យប្រសើរឡើង វាត្រូវតែមានការរំខានខ្លះៗដល់មនុស្សជុំវិញខ្លួន។ មនុស្សខ្លះនឹងសសើរ តែខ្លះទៀតនឹងរិះគន់។

ស្រាវជ្រាវ នឹង រក្សាសិទ្ធិដោយ CHII WITT

Post a Comment

0 Comments