១-ទឹកអម្រែក ៖ អ្នកដឹកនាំត្រូវឈរលើយុត្តិធម៌មិនលម្អៀង
ស្មើភាពគ្នាចំពោះច្បាប់ គ្មានបែងចែកឋានៈខ្ពស់ទាប។ (ទឹកដែលយើងរែក
គឺស្ថិតក្នុងបន្ទាត់រាបស្មើជានិច្ចទោះជាយើងឡើងទួល
ចុះទំនាបក៏ទឹកនៅរក្សាបន្ទាត់រាបស្មើដែរ )។
២-ភ្នែកខ្លែង ៖ អ្នកដឹកនាំត្រូវចេះមើលអោយបានឆ្ងាយដើម្បីបានដឹងពីស្ថានការណ៍ពិតនៅខាងក្រោម
មិនត្រូវស្តាប់តែមនុស្សជុំវិញខ្លួនរាយការណ៍នោះឡើយ
(ខ្លែងជាសត្វមានភ្នែកមុតដែលវាអាចមើលឃើញចំណីវារាប់រយម៉ែត្រលើដី
បើទោះវាហោះហើរលើអាកាសដ៏ខ្ពស់ក្តី )។
៣-ស្ញែងរាជសីហ៍ ៖ ធ្វើជាអ្នកដឹកនាំត្រូវហ៊ានសម្រេចចិត្ត
មិនត្រូវចុះញ៉មឧបសគ្គ ។ ( រាជសីហ៍ជាស្តេចម្រឹគទាំងពួង
បើរាជសីហ៍ដើរឆ្ពោះទៅធ្វើអ្វីគឺមិនរាថយឡើយ )។
៤-សម្តីឥសូរ ៖ ត្រូវប្រកាន់ពាក្យសច្ចៈ បើសន្យាត្រូវធ្វើឱ្យបាន
កុំនិយាយចោល ។ (ឥសូរជាអាទិទេពធំជាងគេក្នុងព្រហ្មញ្ញសាសនា
ហេតុនេះសម្តីព្រះអង្គជាសម្តីទិព្វ មិននិយាយចោលនោះឡើយ) ។
៥-ថ្ងូរព្រះឥន្ទ ៖ អ្នកដឹកនាំត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរាស្រ្តប្រជាដូចពាក្យស្លោកថា
«ទុក្ខរបស់រាស្រ្តជាទុក្ខរបស់ព្រះមហាក្សត្រ»
។(ព្រះឥន្ទជាស្តេចនៃទេវតា
ព្រះអង្គតែងប្រមើលមើលពីសុខទុក្ខមនុស្សលោកទាំងពួង
ថ្ងូរគឺជាពាក្យត្អូញត្អែរពីកង្វល់របស់ទ្រង់ចំពោះរាស្រ្តប្រជាដែលកំពុងរងទុក្ខលំបាក)
។
៦-សុបិនសួគ៌ ៖ ត្រូវប៉ងប្រាថ្នាធ្វើយ៉ាងណាឱ្យស្រុកទេសសំបូរសប្បាយ
រីកចម្រើនដូចស្ថានសួគ៌។(ការពណ៌នាក្នុងរឿងទេវកថា
ស្ថានសួគ៌ជាស្ថានទេពសំបូរសប្បាយដែលមនុស្សទាំងពួងប៉ងប្រាថ្នា )
៧-ខួរទន្សាយ ៖ មានភាពឆ្លាតវៃ ចេះដោះបញ្ហាតាមកាលៈទេសៈមិនងាប់ក្រឡា ។
(ក្នុងរឿងនិទានខ្មែរទន្សាយជាសត្វមានប្រាជ្ញា
ដែលមិនត្រឹមតែអាចដោះបញ្ហាផ្ទាល់ខ្លួននោះទេ ថែមទាំងអាចជួយដោះបញ្ហាអោយអ្នកដទៃទៀតផង)
។
៨-សប្បាយស្រមោច ៖ ចេះធ្វើឱ្យប្រជារាស្រ្តតូចតាចសាមគ្គីគ្នា
រស់នៅសំបូរសប្បាយក្នុងជីភាពប្រចាំថ្ងៃ។ (ស្រមោចជាសត្វល្អិត
ដែលគេប្រដូចជារាស្រ្តតូចតាច ស្រមោចធ្វើការងារដោយកម្លាំងសាមគ្គីគ្នា ) ។
ការបកស្រាយរបស់ខ្ញុំនេះមិនគ្រប់ជ្រុងជ្រោយទាំងស្រុងនោះទេ
គ្រាន់តែជួយជាគន្លឹះដល់បងប្អូនក្មួយៗសម្រាប់ការត្រៀមប្រឡង ប៉ុណ្ណោះ បើអស់លោក
រៀមច្បងណាយល់ថាការបកស្រាយនេះមិនគ្រប់គ្រាន់ សូមមេត្តាជួយបំពេញបន្ថែម។
_____________________________________________
ស្រាវជ្រាវនិងរក្សាសិទ្ធិដោយ
THMEY SHARE
0 Comments