រឿង ព្រះភិក្ខុពរនេចរ


* រឿង ព្រះភិក្ខុពនេចរ ( សច្ចៈធម៌ មិនអាចកែប្រែបាន ) ✓
ក្នុងសម័យកាលដែល ព្រះពុទ្ធសមណគោតម បរមគ្រូនៃយើង
គង់នៅក្នុង វត្តវេឡុវន។ ក្នុងដែនសាវត្ថី មានត្រកូលសេដ្ឋីម្នាក់
បិតាឈ្មោះថា វឌ្្ឍនះសេដ្ឋី ប្រពន្ធគាត់ឈ្មោះ ទេវីសេដ្ឋីនី និង
មានកូនប្រុសតែម្នាក់គត់ឈ្មោះថា សុជាតិ។ លុះកុមារនោះ
អាយុបាន១០ឆ្នាំ លោកសេដ្ឋីក៏បញ្ជូនកូន អោយទៅសិក្សានៅ
ឯនគរ តក្កសិលា ។ លុះវេលា រៀនចប់កាលណា កុមារនោះ
ឈានដល់វ័យ២០ឆ្នាំ ទេីបត្រលប់មកមាតុភូមិវិញ ឪពុកម្តាយ
បានធ្វេី ពិធីជប់លៀងដេីម្បីអបអរសាទរ ដល់កូនប្រុសរបស់ខ្លួន ដោយបានអញ្ជើញ មិត្តភក្តិគាត់ជាសេដ្ឋី និងគហបតីជា
ច្រើនផងដែរ ក្នុងចំណោមនោះមានសេដ្ឋីម្នាក់ឈ្មោះថា សុធន
គាត់មានកូនស្រីម្នាក់ មានរូបសម្បត្តិស្រស់ស្អាត ឈ្មោះថានាងសុន្ធរី ក្រោយពីបានណែនាំឲ្យស្គាល់គ្នាមក កម្លោះសុជាតិ និងនាងសុន្ធរី បានចាប់ចិត្តស្រលាញ់គ្នា ទៅវិញទៅមក រហូត
ឈានដល់ពីធីភ្ជាប់ពាក្យជាមួយគ្នា។

លោកវឌ្ឍនសេដ្ឋី និយាយទៅកាន់កូនប្រុសថា÷ ហៃ កូនប្រុស


ជាទីស្រលាញ់អេីយ កូនបានសិក្សាវិជ្ជាផ្លូវលោករួចហេីយ មុន
នឹងកូនមានគ្រួសារ ឪពុកចង់ឲ្យកូនទៅសាងផ្នួស នៅក្នុងសំណាក់ព្រះសាស្តា នៅឯវត្តវេឡុវន អោយបាន១វស្សាសិន 
តេីកូនមានគោលបំណង និង គំនិតយ៉ាងដូចម្តេចដែរ?
សុជាតិ = សាធុសាធុសាធុ បពិត្រលោកឪពុក ដ៏មានគុណ
កូននៅវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ហើយក៏មិនទាន់ចង់កសាង
គ្រួសារក្នងពេលឥឡូវនេះដែរ កូននឹងទៅសាងផ្នួស ដេីម្បីជា
ប្រទីបបាននូវបញ្ញា ដេីម្បីរំដោះទុក្ខ នៅក្នុងជីវិត។

មិនយូរប៉ុន្មាន កម្លោះសុជាតិ បានទៅប្រាប់ដំណឹង ដល់នាង

សុន្ធរី ជាគូរដណ្តឹងរបស់ខ្លួនថា÷ ហៃ ប្អូនស្រីសម្លាញ់ បងនឹង
ទៅសាងផ្នួស១វស្សាសិន ពេលសឹកមកវិញ យើងនឹងរៀបការ
ជាមួយគ្នា សូមប្អូនស្រី រងចាំបងមកវិញកុំខាន!
នាង សុន្ធរី = មិនថ្វីទេ បងប្រុសសម្លាញ់ សូមបងកុំបារម្មណ៏ឡេីយ ប្អូននៅរងចាំបងប្រុសជានិច្ច។

ថ្ងៃខែចេះតែកន្លងផុតទៅ បន្ទាប់ពីសុជាតិ បានចូលសាងផ្នួស បាន១វស្សាហេីយ ភិក្ខុអង្គនោះគិតថា និងលាចាកផ្នួសទៅ

រៀបការ ជាមួយនឹងនាងសុន្ធរី តែអ្វីៗមិនដូចបំណងដែល
ភិក្ខុសុជាតិគិតឡើយ ព្រោះមាតារបស់លោក បានមកទូលប្រាប់ថា នាងសុន្ធរី បានលួចស្រលាញ់ សេដ្ឋីបុត្រម្នាក់ រហូត
ដល់ជ្រុលជ្រោះមានផ្ទៃពោះផង ហើយគេទាំងពីរ បានរៀបការ
ជាមួយគ្នា រួចទៅហើយ។ ដំណឹងនេះបានធ្វេីអោយភិក្ខុសុជាតិ
កេីតចិត្តក្រៀមក្រំទុក្ខសោកយ៉ាងខ្លាំង ហើយក៏បាននិយាយថា
អ្វីៗ ក្នុងលោកនេះ មិនទៀងទាត់ មិនឋិតថេទេ វាតែងតែមាន
ការប្រែប្រួល វិនាសព្រាត់ប្រាសជាធម្មតា ដូចពុទ្ធវចនៈមែន
អាត្មាអញ សម្រេចចិត្តថា នឹងបួសអស់មួយជីវិត មិនសឹកយកប្រពន្ធឡើយ ហើយនិងដេីរត្រាច់ចរ តែម្នាក់ឯង ទៅគ្រប់
ទិសទី រស់នៅក្នុងព្រៃជ្រៅ តាមធម្មជាតិលុះអស់ជីវិត។

ចាប់តាំងពីថ្ងៃនោះមក ភិក្ខុសុជាតិ បានចាកចេញពី វត្តវេឡុវន

ដេីរពនេចរ តែម្នាក់ឯង លេចវាលចូលព្រៃ តាមទីជនបទនានា
និមន្តបិណ្ឌបាតពេលព្រឹក ដេីម្បីឆាន់អោយល្មម តែបាត់រោគ
ឃ្លានប៉ុណ្ណោះ មិនថាចង្ហាន់នោះ ប្រណីតរឺអន់ឡេីយ។ វេលា
យប់កាលណា ភិក្ខុពនេចរនេះ តែងតែសិងនៅក្នុងល្អាងភ្នំ រឺ
តាម សាលាឆទាននានា ជានិច្ចកាល។

វេលារសៀលថ្ងៃមួយ ភិក្ខុសុជាតិ កំពុងតែប្រតិបត្តិធម៌ អង្គុយ

សមាធិ នៅលើកំពូលភ្នំមួយ គ្រានោះមាន ស្ត្រីម្នាក់បានរត់ផង
យំផង សំដៅមកលេីកំពូលភ្នំ ដែលភិក្ខុពនេចរ កំពុងគង់នៅ
ភិក្ខុសុជាតិ = ម្នាលប្អូនស្រី តេីអ្នកមានវិបត្តិអ្វី បានជាយំដូច្នេះ
កុលធីតា = បពិត្រ លោកម្ចាស់ ខ្ញុំព្រះករុណា មកទីនេះ ដេីម្បី
នឹង លោតសម្លាប់ខ្លួន ព្រោះករុណា មានវិបត្តិស្នេហា!
ភិក្ខុសុជាតិ = ម្នាល កុលធីតា តេីប្អូនមានរឿងអ្វី អាចនិយាយ
ប្រាប់ អាត្មាអោយបានដឹងបានទេ ក្រែងអាត្មាអាចជួយបាន?
កុលធីតា = បពិត្រ លោកម្ចាស់ ខ្ញុំករុណា ត្រូវឪពុកម្តាយ បង្ខំ
អោយរៀបការ ជាមួយបុរសចំណាស់ម្នាក់ជាគហបតី ប៉ុន្តែខ្ញុំករុណា មិនព្រមទេ ទើបរត់ទៅជួប នឹងសង្សាររបស់ខ្ញុំករុណា
ជួនជាពេលនោះ ប្រុសនោះកំពុងតែរៀបការ ជាមួយនឹងស្រីផ្សេង ក្បត់ចិត្តខ្ញុំករុណាទៀត ខ្ញុំករុណាមិនអាចត្រឡប់ទៅផ្ទះ
វិញបានទេ ព្រោះខ្មាសគេខ្លាំងណាស់ ជីវិតករុណា ពោរពេញ
ទៅដោយ ទុក្ខសោកនិងបែកទ្រូងស្លាប់ គ្មានអ្វីទីពឹងឡើយ!
ភិក្ខុសុជាតិ = ម្នាល ប្អូនស្រី ឈប់យំទៅ អាត្មាក៏មានរឿង 
ស្រដៀងនឹងប្អូនស្រីដែរ តែអាត្មាបាន បំភ្លេចវាចោលហើយ។

ខណៈនោះ ភិក្ខុពនេចរ បាននិយាយ រឿងរ៉ាវរបស់ខ្លួនប្រាប់ទៅ

នាង កុលធីតាទាំងអស់ ទេីបនាង និយាយតបវិញថា÷
បពិត្រលោកម្ចាស់ លោកបងមិនយល់ ពីសេចក្តីស្រឡាញ់ទេ
ភិក្ខុសុជាតិ = ម្នាល កុលធីតា អត្មាយល់ច្បាស់ណាស់ សេចក្តី
ស្រលាញ់ខ្លាំង នាំមកនូវសេចក្តីទុក្ខខ្លាំង ស្រលាញ់តិចទុក្ខតិច
បើមិនស្រលាញ់មិនហួងហែង ក៏គ្មានសេចក្តីទុក្ខដែរ ទាំងនេះ
បណ្ដាលមកពី អ្នកស្រឡាញ់គេខ្លាំងពេក មិនស្រលាញ់អ្នកនៅជុំវិញខ្លួន ដូចជាឪពុកម្តាយញាតិមិត្រជាដើម អ្នកត្រូវបែង
ចែក សេចក្តីស្រឡាញ់ទៅដល់អ្នករាល់គ្នា ទេីបមិនសូវកេីតទុក្ខ ឧទាហរណ៏ អ្នកមានលុយ ១រយកហាបណៈ អ្នកត្រូវយកទៅផ្ញើ ឪពុករបស់អ្នក២០កហាបណៈ ម្តាយ២០កហាបណៈ
ផ្ញើនិងពូរបស់អ្នក២០កហាបណៈ ម្តាយមីង២០កហាបណៈ
ផ្ញើនិងសង្សាររបស់អ្នក២០កហាបណៈ ក្នុងចំណោមអ្នកនោះ
បើមាន អ្នកណាម្នាក់ ពីររឺបីនាក់ក្បត់នាង នាងក៏នៅសល់ប្រាក់
ខ្លះដែរ នាងមិនត្រូវយកប្រាក់ ផ្ញើនិងសង្សារ ទាំងអស់នោះទេ

គ្រានោះ នាងកុលធីតា ឈប់យំហើយ ងក់ក្បាលយល់ស្រប

នឹង សម្តីរបស់ភិក្ខុពនេចរ ទេីបភិក្ខុអង្គនោះ បន្តទៀតថា÷
ម្នាល ប្អូនស្រី មានក្មេងប្រុសម្នាក់រស់នៅតែក្នុងល្អាងភ្នំ អស់
រយៈពេល១៥ឆ្នាំ ជាអ្នកមិនចេះអក្សរឡេីយ វេលាថ្ងៃមួយ ក្មេង
ប្រុសនោះ ចេញមកខាងក្រៅ មេីលឃេីញពន្លឺព្រះអាទិត្យ រះឡេីង គេក៏ត្រេកអរ លុះវេលាព្រះអាទិត្យ រះខ្ពស់ទៅបណ្តាល
អោយក្តៅ ក្មេងប្រុសនោះគិតថា ដុំភ្លេីងចម្លែកនេះនឹងដុតអញ
អោយស្លាប់ជាមិនខាន បើដូច្នោះអញនឹងសម្លាប់ខ្លួន អោយបាន មុននឹងវាមកដុតអញ។ តេី ក្មេងប្រុសនោះ ឆ្កួតរឺជា?
កុលធីតា = បពិត្រ លោកម្ចាស់ ក្មេងប្រុសនោះ ប្រាកដជាឆ្កួត
ហើយ វាមិនដឹងថា វេលាថ្ងៃត្រង់រួច ព្រះអាទិត្យនិងជ្រេរសៀលទៅ វាក៏ចុះ ត្រជាក់មកវិញ វាមិនដុត អោយយើងស្លាប់ទេ!
ភិក្ខុសុជាតិ = ម្នាល កុលធីតា អ្នកកុំឆ្កួតដូចក្មេងនោះឡេីយ
ទ្រូងរបស់អ្នក មិនបែកធ្លាយទេ បេីវាមិនប៉ះទង្គិចនឹងរបស់រឹងយ៉ាងខ្លាំង រឺអ្នកមិនយក កាំបិតដ៏ស្រួច មកចាក់ទម្លុះវា.... 
បើអ្នកសម្លាប់ខ្លួន វាមិនអាចបំបាត់សេចក្តីទុក្ខ របស់អ្នកបានឡេីយ វាស្លាប់តែរាងកាយអ្នកប៉ុណ្ណោះ តែអកុសលកម្មដោយ
ការសម្លាប់ខ្លួនឯងដោយចិត្តសៅហ្មងនេះ ការបដិសន្ធិជាថ្មី
និងទៅកេីតក្នុងអបាយភូមិ រឺ ទុគ្គតិភព មិនខានឡើយ។ អ្នក
ត្រូវ ខិតខំ អប់រំ ទូន្មាន ហ្វឹកហាត់ ចិត្តរបស់អ្នក អោយបានល្អ
ដោយមាន សតិសម្បជញ្ញៈជាប់ជានិច្ច ដូចពុទ្ធវចនៈ បានពោលថា បុគ្គលដែលយកឈ្នះលើទ្វារទាំង៦ និង គ្រប់គ្រង
ចិត្តរបស់ខ្លួន ប្រកបដោយ សម្មាទិដ្ឋិបានហើយ បុគ្គលនោះ មានឈ្មោះថា ជាធំ លើពិភពចក្រវាឡនេះ! ចូរអ្នក ត្រលប់ទៅកាន់ផ្ទះ របស់អ្នកវិញទៅ ឪពុកម្តាយញាតិមិត្ររបស់អ្នក ស្រលាញ់រូបអ្នក ជាងអ្នក ស្រលាញ់សង្សាររបស់អ្នកទៅទៀត!

ខណៈនោះ នាងកុលធីតា បានមានស្មារតីឡើងវិញ ហើយយល់ព្រម ត្រឡប់ទៅផ្ទះវិញ តាមពាក្យទូន្មានរបស់ភិក្ខុពនេចរ

លុះវេលារសៀល ភិក្ខុពនេចរអង្គនោះ ចុះពីលេីភ្នំមកវិញ អង្គុយផ្អែកនិងគល់ឈើមួយ ធ្មេចភ្នែកមួយស្របក់ ហើយបើកមកវិញ ប្រទះនឹង សត្វខ្លាមួយក្បាលធំ នៅចំពីមុខ ប្រហែល
៥ម៉ែត្រ វាគ្រហ៊ឹមឡើង ភិក្ខុនោះភិតភ័យយ៉ាងខ្លាំង តែខំទប់
ចិត្ត ហើយសូត្រមន្ត ផ្សាយមេត្តាចិត្ត ដល់សត្វខ្លានោះ ហើយ
និយាយថា បើអាត្មាអញ មានពៀរជាមួយ នឹងសត្វខ្លានេះ សូមអោយ សត្វខ្លានេះ មកខាំសីុរាងកាយអាត្មាអញចុះ អាត្មាអញ មិនរត់ឡើយ តែបើគ្មានកម្មពៀរទេ សូមអោយសត្វខ្លានោះ អន្តរធានបាត់ទៅ ថាតែប៉ុណ្ណោះ ភិក្ខុពនេចរក៏ អង្គុយបិតភ្នែក ស្វាធ្យាយសូត្រមន្ត ផ្សាយមេត្តាបន្តទៀត ខណៈនោះ
សត្វខ្លា ក៏ដេីរចេញ ពីទី កន្លែងនោះ ដោយស្ងប់ស្ងៀមទៅ។

វេលាថ្ងៃមួយ ភិក្ខុពនេចរ បាននិមន្ត កាត់ស្ទឹងតូចមួយ ចូល

ទៅកាន់ទីព្រៃ បានលឺសូរសម្លេង ស្ត្រីចំណាស់ម្នាក់ កំពុងតែ
អង្គុយយំ ទួញសោក នៅមុខផ្នូរ កូនប្រុសរបស់ខ្លួន ទេីបភិក្ខុ
អង្គនោះ និមន្ត ចូលទៅជិត ហើយនិយាយថា÷
ម្នាល ញោមស្រី តេីអ្នកកំពុងតែ យំសោយសោក ពីរឿងអ្វី?
ស្ត្រីចំណាស់ = បពិត្រ លោកម្ចាស់ បានជាខ្ញុំករុណា 😭យំ
សោយសោក ព្រោះ កូនប្រុសតែមួយ របស់ខ្ញុំករុណា វាស្លាប់!
ភិក្ខុសុជាតិ = ម្នាល ញោមស្រី អ្នកឈប់សោយសោកទៅ អាត្មាប្រាប់រឿងមួយ ថ្ងៃមុនអាត្មា ដេីរកាត់តាមទន្លេគង្គា ប្រទះ
នឹង ស្ត្រីម្នាក់ កំពុងយំសោយសោកដែរ គាត់និយាយថា ឪិ!
ទឹកទន្លេអេីយ សូមអ្នកឈប់ហូរទៅ នៅស្ងៀមខ្លះផង យេីង
រាល់ថ្ងៃ ថ្លង់និងសំលេងអ្នកខ្លាំងណាស់ ឈប់ហូរទៅ!
តើ ញោមស្រី គិតថា ស្ត្រីនោះ ឆ្កួតរឺជា?
ស្ត្រីចំណាស់ = បពិត្រ លោកម្ចាស់ ស្ត្រីនោះ ពិតជាឆ្កួតពិតហេីយ ធម្មតាទឹកតែងតែ ហូរទៅកាន់ទន្លេ ជាច្បាប់ធម្មជាតិ!
ភិក្ខុសុជាតិ = ម្នាល ញោមស្រី ពិតប្រាកដណាស់ នេះគឺជា
សច្ចធម៌នៃច្បាប់ធម្មជាតិ សូមញោមស្រី កុំឆ្កួតដូចគាត់ឡេីយ
បានន័យថា កេីត ចាស់ ឈឺ ស្លាប់ ជាច្បាប់ធម្មជាតិ មនុស្សដែលស្លាប់ហើយ មិនអាចរស់ឡើងវិញបានទេ គេលាចាក
លោកនេះ ទៅកេីតក្នុង លោកដទៃទៀតហើយ ទោះជាអ្នក
យំសោកស្តាយ កេីតទុក្ខរីងរៃ ក៏ឃើញថា វាមិនមានប្រយោជន៍
សម្រាប់ខ្លួនទេ វាជាហេតុបណ្តាលអោយញោមស្រី ខូចចិត្ត
និង ប៉ះពាល់សុខភាពទៀតផង សូមញោម តាំងស្មារតីឡើង!

ខណៈនោះ ស្រ្តីចំណាស់បានយល់អំពី សច្ចៈធម៌ទាំងនេះហេីយ ទេីបក្រាបថ្វាយបង្គំភិក្ខុអង្គនោះ ហើយលូកក្នុងហោប៉ៅ

យក ជញ្ជៀនមាស មកបូជា ដល់ភិក្ខុពនេចរ។
ស្ត្រីចំណាស់ = ជញ្ជៀនមាសនេះ ករុណាទុកពាក់អោយកូន
បើវាស្លាប់ហើយ សូមព្រះអង្គទទួលយកផងចុះ ករុណាប្រគេន
ភិក្ខុសុជាតិ = អាត្មា ជាអ្នកបួស មិនប្រាថ្នាមាសប្រាក់ និង លុយកាក់ ទ្រព្យសម្បត្តិអ្វីឡើយ អាត្មាទទួលយកតែ ចង្ហាន់
សម្រាប់បរិភោគកម្ចាត់រោគឃ្លានតែប៉ុណ្ណោះ បេីញោមស្រី
ជ្រះថ្លា និង ស្រលាញ់កូន សូមញោមស្រី ធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ ហើយឧទ្ទិសផលបុណ្យ ដល់កូនរបស់ខ្លួនចុះ!
ថាតែប៉ុណ្ណោះភិក្ខុពនេចរនោះចម្រើនពរហើយក៏និមន្តចេញទៅ

លុះវេលាដែល ភិក្ខុពនេចរ មកដល់ស្រុកមួយ បានជួបនឹង

មនុស្សទាំងឡាយ កំពុងឈូរឆរ យកទឹកមក ពន្លត់ភ្លើងភ្លើង
កំពុងតែ ឆេះផ្ទះលោកមេភូមិ មិនយូរប៉ុន្មាន អគ្គីភ័យបានលេប
ត្របាក់ ផ្ទះលោកមេភូមិ អោយដួលរលំនៅសល់តែផេះផង់
លោកមេភូមិ អង្គុយទួញសោក ស្តាយទ្រព្យសម្បត្តិរបស់ខ្លួន
លោកមេភូមិ = បពិត្រ លោកម្ចាស់អេីយ សូមព្រះអង្គមេីលចុះ
ទ្រព្យសម្បត្តិ របស់ខ្ញុំករុណា ទាំងប៉ុន្មាន រលាយអស់ហើយ
តេី អោយខ្ញុំព្រះករុណា ទីពឹងអ្វីទៀត ទៅខាងមុខ?
ភិក្ខុសុជាតិ = ម្នាល ញោមប្រុស កុំកេីតទុក្ខខ្លាំងពេក ទ្រព្យ
សម្បត្តិទាំងអស់នេះ ជារបស់ក្រៅខ្លួនទេ កាលបេីអ្នកនៅមាន
ជីវិតអ្នក អាចរកទៀតបាន សំខាន់គឺអ្នកត្រូវមានសុខភាពល្អ
កាលពីថ្ងៃមុន អាត្មានិមន្តកាត់ភូមិមួយ មានបុរសម្នាក់សុំផ្ទះ
គេស្នាក់មួយយប់ ស្រាប់តែព្រឹកឡើង ទួញយំថា ផ្ទះនេះជា
របស់ខ្លួនទៅវិញ តេី បុរសម្នាក់នោះ ឆ្កួតរឺជា?
លោកមេភូមិ = បុរសនោះ ពិតជាឆ្កួតហើយ មកតែខ្លួនទទេ
សុំផ្ទះគេស្នាក់នៅមួយយប់សោះបែរជាចង់បានផ្ទះរបស់គេវិញ
ភិក្ខុសុជាតិ = ត្រូវហើយ ញោមប្រុស សូមញោម កុំឆ្កួតដូចគាត់ឡើយ មនុស្សយើងម្នាក់ៗ កេីតមកខ្លួនទទេ ពេលទៅវិញ
ក៏ខ្លួនទទេដែរ មិនអាចយកទ្រព្យសម្បត្តិទៅជាមួយបានឡេីយ
មានតែ ផលបាបនិងផលបុណ្យ តែប៉ុណ្ណោះដែលអាច អោយ
សត្វលោកទៅកេីតទីដ៏ថ្លៃថ្នូរនឹងថោកទាបបាន ញោមប្រុស
មនុស្សយើង គ្រាន់តែមកខ្ចីរបស់ក្រៅខ្លួន មកប្រេីការ ដេីម្បី
បំពេញ កិលេសតណ្ហា របស់ខ្លួនតែប៉ុណ្ណោះ សេចក្តីសុខពិត
ប្រាកដ មិនរំពឹងលេីទ្រព្យសម្បត្តិ តែមួយមុខប៉ុណ្ណោះទេ សទ្ធា
អំពើល្អ សង្គហធម៌ សេចក្តីស្រឡាញ់ អរិយមគ្គអង្គ៨ ទេីបជា
សេចក្តីសុខពិតប្រាកដ ចូរអ្នកយកព្រះរតនត្រ័យជាទីពឹងវិញ

កាលបើបានស្តាប់ដំបូន្មាន របស់ភិក្ខុពនេចររួចហើយ មេភូមិនោះក៏បន្ទោបង់នូវសេចក្តីសោក ខំប្រឹងពង្រឹងស្មារតី ថែរក្សាសុខភាព អោយបានល្អ បន្តរស់នៅ តាមយថាកម្ម។


លុះថ្ងៃក្រោយមកទៀត ភិក្ខុពនេចរបានចូលដល់ក្រុងរាជគ្រឹះ

ជួបនឹង គ្រូពេទ្យប្រុសម្នាក់ តែងតែអួតថា គាត់ព្យាបាលជំងឺ
បានជាសះស្បើយ គ្រប់បែបយ៉ាង ខណៈនោះ ភិក្ខុចូលទៅ
ភិក្ខុសុជាតិ = ម្នាល ញោមប្រុស សូមអ្នកជួយព្យាបាល ញាតិ
របស់អាត្មាផង បើគាត់ជា អាត្មាមិនភ្លេចគុណ លោកទេ
គ្រូពេទ្យ = បពិត្រ លោកម្ចាស់ តេីញាតិរបស់ព្រះអង្គ ឈឺអ្វី?
ភិក្ខុសុជាតិ = ម្នាល ញោមប្រុស ញាតិអាត្មា គាត់មានវ័យជរាហើយ ធ្មេញក៏បាក់ សក់ក៏ស្កូវ មានស្បែកជ្រីវជ្រូញភ្នែកស្រវាំង
ចេះតែភ្លេចភ្លាំង ស្មារតីទន់ខ្សោយចិត្តញាប់ញ័រ សូមញោម
ប្រុស ជួយព្យាបាលគាត់ អោយជាដូចដេីមផង?
គ្រូពេទ្យ = បពិត្រ លោកម្ចាស់អេីយ នេះគេហៅថា ចាស់ជរា
ខ្ញុំព្រះករុណា មិនអាចព្យាបាលបានទេ ហើយក្នុងលោកនេះ
ក៏គ្មាន បុគ្គលណាម្នាក់ អាចព្យាបាល ជរា បានដែរ?
ភិក្ខុសុជាតិ = ម្នាល ញោមប្រុស ប្រាកដជាមាន ម្នាក់នោះគឺជា
មហាគ្រូពេទ្យជាគ្រូរបស់អាត្មា មានឈ្មោះថា សមណគោតម
ព្រះអង្គអាចព្យាបាល ជាតិ ជរា ព្យាធិ មរណៈ ទោសៈ លោភៈមោហៈ និង ទុក្ខសោកទាំងឡាយបាន មានព្រះអរហន្តមួយចំនួនធំ ដែលព្រះសាស្តា បានព្យាបាលហេីយ ក៏រំលត់ខន្ធ
យាងចូលបរិនិព្វាន មុនព្រះអង្គទៅទៀត ខណៈវេលានេះ ព្រះ
ដ៏មានព្រះភាគ ស្តេចកំពុងគង់នៅ វត្តវេឡុវន។ សូមលោកគ្រូ
ពេទ្យទៅរៀន វិជ្ជាទាំងអស់នេះ ពីសំណាក់ព្រះអង្គចុះ!

គ្រានោះ លោកគ្រូពេទ្យ ញញឹមទទួល ដោយភក្តីភាព។ 

ភិក្ខុពនេចរ អង្គនោះ ក៏និមន្ត ធ្វើដំណើរ ប្រោសទេសនា ទូន្មាន
ដល់ មនុស្សទូទៅ ដែលមានវិបត្តិ ជាដរាបទៅហោង។

ព្រះពុទ្ធ ត្រាស់សំដែងថា អ្នកណាឃើញធម៌ ដូចជាបានឃេីញ

តថាគត។ សច្ចៈធម៌ មិនអាច បុគ្គលណា កែប្រែបានឡេីយ
សេចក្តីទុក្ខ សេចក្តីសុខ កេីតឡេីង ដោយសារខ្លួនយើង។
សូម អនុមោទនា✓

Post a Comment

0 Comments