#បុព្វហេតុនៃកឋិន
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្តចេញពីទីនោះមកកាន់ក្រុងសាវត្ថី ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។ ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត (ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យយ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី។ លុះដល់ហើយ ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់ និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ! តើសរីរយន្តរបស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នាទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ខ្លួនក្នុងការធ្វើដំណើរ ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមានទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុករួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុកនៅកន្លែង ហើយយកជាប់មកជាមួយខ្លួន តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះសោះឡើយ។ រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“។ ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ“។
បុណ្យដែលទាយកទាយិកាធ្វើដោយនាំចីវរទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់រយៈវេលា៣ខែ ក្នុងអាវាសវត្តណាមួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិន ឬកឋិនទានចីវរដូចជាចីវរទានទាំងពួកដែរតែមានឈ្មោះវិសេសប្លែកជាងទានដទៃ ដែលធ្វើហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងពួង ព្រោះប្លែកពីចីវរទានឯទៀតដោយលក្ខណៈ៥យ៉ាងគឺ
១- ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថាកឋិនកាលមានតែ២៩ថ្ងៃគឺខែអស្សុជ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៤រោច (ខែដាច់) ខែកត្តិក១៥ថ្ងៃពីត្រឹម១កើតដល់១៥កើត(ពេញបូណ៌មី)។ រយៈកាលនេះ ពាក្យសាមញ្ញហៅថារដូវកឋិន ក្នុងរដូវនេះទាយកចង់មកធ្វើថ្ងៃណាមួយក៏បានឲ្យតែស្ថិតក្នុងថ្ងៃ ទាំង២៩នេះហើយវត្តមួយធ្វើបានតែម្ដងប៉ុណ្ណោះ។
២- ប្លែកដោយវត្ថុ គឺសំពត់ដែលក្រាលកឋិននោះ បានតែស្បង់ឬចីពរឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិសំពត់ក្រៅពីនេះធ្វើពុំបានហើយសំពត់ទាំង៣មុខទៀតសោតនឹងយកទាំងអស់ជាអង្គកឋិនក៏ពុំបានគឺបានតែ១មុខ ទោះបីទាយកយកចីវរ១ត្រៃគឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់កឋិនមកវេរប្រគេនក៏ភិក្ខុអ្នកក្រាលគ្រងលោករើសយកតែវត្ថុណាមួយធ្វើជាអង្គកឋិន គឺលោកចង់យកស្បង់ក៏បានចីពរក៏បាន សង្ឃាដីក៏បាន ស្រេចលើព្រះទ័យលោក ឲ្យតែវត្ថុនោះត្រឹមត្រូវតាមវិនយប្បញ្ញត្តិតែតាមធម្មតាលោកអ្នកក្រាលគ្រងច្រើនយកសង្ឃាដី ជាអង្គកឋិនដោយលោកយល់ថាបណ្ដាចីវរ ១ ត្រៃ សង្ឃាដីជាចីវរធំជាងគេ។
៣- ប្លែកដោយអំពើ គឺបុគ្គលអ្នកគប្បីធ្វើឲ្យត្រូវរបៀបតាមព្រះវិន័យ។
៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុក្រៅពីភិក្ខុពុំបានឡើយហើយភិក្ខុនោះទៀត លុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយទើបទទួលក្រាលគ្រងនិងអនុមោទនា កឋិនក្នុងវត្តនោះបានភិក្ខុដែលមិនបានចាំវស្សាឬបាននៅចាំវស្សាដែរតែឲ្យដាច់ក៏ទទួលពុំបាន។
៥- ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអនិសង្ស៥យ៉ាងក្នុងរវាង៥ខែដូចមានក្នុងវិន័យបិដកភាគ៨ត្រង់កឋិនក្ខន្ធកៈថា
១- អនាមន្តចារោ ត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាដោយមិនមានទោស។
២- អសមាទានចារោ ត្រាច់ទៅដោយមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ទៅជាមួយបាន។
៣- គណភោជនំ ឆាន់ភោជនបាន។
៤- យាវទត្ថចីវរំ ទុកដាក់អតិរេកចីវរបានតាមត្រូវការ។
៥- យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរដែលកើតឡើងក្នុងអាវាសនោះចីវរនោះនឹងមានដល់ភិក្ខុនោះ។
ដោយកឋិនទានជាទាននាំឲ្យភិក្ខុសង្ឃជាអ្នកទទួលក្រាលគ្រង និងអនុមោទនា បានអានិសង្ស៥យ៉ាង ដូចពោលមកនេះហើយបានជាទាយកអ្នកធ្វើកឋិនត្រូវបានអានិសង្សច្រើនជាអនេកត្រារាប់ពុំបានឡើយ ព្រោះជាចីវរទានពិសេសប្លែកពីចីវរទាននានាដូចពោលមកនេះឯង។ ចីវរទានឲ្យហើយបានទទួលផលានិសង្ស៥យ៉ាង ដែលប្រកបដោយសេចក្ដីសុខស្រួលដល់ភិក្ខុសង្ឃជាអ្នកទទួលទានផង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាណាមួយបានឲ្យនូវសេចក្ដីសុខស្រួលដល់អ្នកដទៃ ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួលវិញពិតប្រាកដពុំខានឡើយ។
ដោយ.Wisemen
0 Comments