សុំទោសទៅកាន់មនុស្សម្នាក់!

សង្ឃឹមថាអ្នកនឹងបានអាន និងអហោសិកម្មដល់ខ្ញុំ ការពិតខ្ញុំខ្លួនឯង ក៏មិនចូលចិត្តពាក្យសុំទោសប៉ុន្មានដែរ នៅពេលឮពាក្យសុំទោសនេះ ចាប់ពីពីរដង តែក្រៅតែពីពាក្យសុំទោស ខ្ញុំក៏មិនដឹងថាត្រូវប្រើពាក្យអ្វីឲ្យល្អសក្តិសមជាងនេះនោះទេ ក៏ព្រោះបើចង់ត្រឡប់ទៅកែប្រែសាច់រឿងក៏តែមិនអាច បើចង់កែឥឡូវនេះ ក៏មិនមានឱកាស។ សុំទោសដែលខ្ញុំបានរំខានដល់សតិអារម្មណ៍ និងមនោសញ្ចេតនារបស់អ្នក ទាំងដែលខ្ញុំស្អប់មនុស្ស ដែលចូលចិត្តដើរបំផ្លាញទឹកចិត្តរបស់អ្នកដទៃ។ សុំទោសដែលខ្ញុំធ្វើឲ្យអ្នកខាតបង់ពេលវេលា ចំណាយពេលដ៏សំខាន់នៃជីវិតរបស់ខ្លួនមកកាន់រូប ទាំងដែលខ្ញុំមិនចូលចិត្តអ្នកណាលេងសើចនឹងអាយុជីវិតរបស់មនុស្ស។ សុំទោសដែលខ្ញុំមិនអាចកំដរអ្នក ដើរលើផ្លូវនៃក្ដីស្រឡាញ់ ទាំងដែលខ្ញុំធ្លាប់សន្យាថានឹងមិនងាយបោះបង់ចោលការដើរនៅលើផ្លូវមួយនេះ។ សុំទោសដែលខ្ញុំដើរចូលជីវិតអ្នក ធ្វើឲ្យវាមានស្លាកស្នាមមិនល្អ រួចក៏ត្រឡប់ចាកចេញពីកន្លែងនោះ ទាំងខ្លួនឯងមិនចូលចិត្ត មនុស្សមិនច្បាស់លាស់។ សុំទោសដែលខ្ញុំកុហកខ្លួនឯងដើម្បីអ្នក កុហកខ្លួនឯងថាស្រឡាញ់អ្នក តែចុងក្រោយខ្ញុំនៅតែមិនអាចកុហកខ្លួនឯងបាន ទាំងដែលខ្ញុំមិនចង់ឲ្យអ្នកណាមកកុហកបោកប្រាស់រូបខ្ញុំ សុំទោសដែលខ្ញុំធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។ សុំទោសដែលខ្ញុំធ្វើឲ្យអ្នកស្រឡាញ់ខ្ញុំ រហូតផ្ដល់មនោសញ្ចេតនាដល់រូបខ្ញុំដោយពុំមានអ្វីត្រូវស្ដាយ ទាំងដែលខ្ញុំពុំអាចទទួលយកបាននូវក្ដីស្រឡាញ់ក្លែងក្លាយ។ សុំទោសដែលខ្ញុំធ្វើឲ្យទឹកភ្នែករបស់អ្នកស្រក់ហូរចុះមក ម្ដងហើយម្ដងទៀត ទាំងដែលខ្ញុំខ្លួនឯង ក៏មិនចង់ឲ្យអ្នកណាមកធ្វើបាបផ្លូវកាយផ្លូវចិត្តបែបនេះឡើយ។ សុំទោសដែលខ្ញុំបំផ្លាញភាពស្មោះត្រង់របស់អ្នក ទាំងដែលខ្ញុំតែងតែទាមទាររកភាពយុត្តិធម៌សម្រាប់ខ្លួនឯង។ មានពាក្យសុំទោសជាច្រើនទៀត ដែលខ្ញុំចង់និយាយទៅកាន់អ្នក តែទោះជាខ្ញុំខំប្រឹងសរសេរពាក្យសុំទោសនេះរាប់លានដងក៏ដោយ ក៏វានៅតែជាសុំទោសដដែល ខ្ញុំក៏ដឹងថា ពាក្យសុំទោសមិនអាចធ្វើឲ្យអ្វីៗប្រសើរឡើងឡើយ តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកផ្ដល់អភ័យដល់ខ្ញុំ ទោះមិនបាន៥០% សុំត្រឹមតែ១០%នៃការអត់ទោស ក៏ខ្ញុំមានអារម្មណ៍ថាធូរស្បើយខ្លះ ពីកំហុសរបស់ខ្លួនចំពោះអ្នក។ មិនដឹងពេលនេះអ្នកនៅទីណាឡើយ តែខ្ញុំនៅតែចិញ្ចឹមចិត្តថា អ្នកនឹងបានអានសារដែលខ្ញុំសរសេរចេញពីបេះដូងនៃការដឹងកំហុសនេះ ហើយអ្នកអាចញញឹមសារជាថ្មីម្ដងទៀត។ ទោះខ្ញុំជាហេតុផលដែលធ្វើឲ្យអ្នកទន់ជ្រាយពេលនោះ តែពេលនេះខ្ញុំចង់ឲ្យអ្នករឹងមាំឡើងវិញ ស្រឡាញ់និងមើលថែខ្លួនឯង ខ្ញុំពុំមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ ខ្ញុំគ្រាន់តែជាធូលីដី ដែលហើរចូលភ្នែករបស់អ្នក ធ្វើឲ្យមានការឈឺចាប់ និងស្រក់ទឹកភ្នែក ឥឡូវធូលីដីត្រូវបានដកចេញពីភ្នែកហើយ អ្នកមិនមានហេតុផលអីត្រូវស្រក់ទឹកភ្នែកទៀតឡើយណា ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើន៕ ពីខ្ញុំ មនុស្សម្នាក់ដែលធ្លាប់ខុស! BY THMEYSHARING

Post a Comment

0 Comments