
ជាតារាម៉ូឌែលម្នាក់ ការថែរក្សារូបរាងឱ្យនៅតែស្លីមស្អាតពិតជាសំខាន់ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ប្រសិនបើតារាម៉ូឌែលមានស្បែកភ្លឺរលោង ស្បែកមានសំណើមគ្រប់គ្រាន់ គឺកាន់តែបង្កើនភាពលេចធ្លោកាន់តែខ្លាំងផងដែរ។
ទន្ទឹមនឹងនេះកញ្ញា គង្ការ បានលើកឡើងថា ៖ បើទោះជារវល់មមាញឹកជាមួយការងារយ៉ាងណាក៏ដោយ ក៏កញ្ញានៅតែរក្សាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួនជានិច្ច ហើយដើម្បីទទួលបានសម្រស់ដ៏ស្រស់ស្អាត គឺកញ្ញាមិនបានផ្ដោតទៅលើតែគ្រឿងថែរក្សាសម្រស់តែមួយមុខនោះទេ ។ កញ្ញា គង្ការបន្តថា “នៅពេលព្រឹកព្រលឹម ខ្ញុំតែងតែរកនឹករឿងអ្វីមួយដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្តជាមុនសិន បើទោះជាមានបញ្ហាស្មុគស្មាញក្នុងចិត្តយ៉ាងណាក៏ដោយ ពីព្រោះ ខ្ញុំគិតថា រឿងសប្បាយចិត្តនឹងធ្វើឱ្យសម្រស់យើងស្រស់ស្អាតបំផុត បើទោះជាយើងមិនបានលាបម្សៅ ឬ មិនMake Upក៏ដោយ “ ។
បន្ទាប់ពីនេះ តារាម៉ូឌែលដ៏មានប្រជាប្រិយភាពរូបនេះបន្តថា ក្រោយពីរកនឹករឿងសប្បាយចិត្តហើយគឺ ចាប់ផ្ដើមធ្វើលំហាត់ប្រាណនាពេលព្រឹកយ៉ាងតិចបំផុត៥០នាទីទៅមួយម៉ោង ដើម្បីបញ្ចេញជាតិញើសចេញពីរាងកាយ និងធ្វើឱ្យអារម្មណ៍បានធូរស្រាលស្រឡះក្នុងចិត្ត។ បន្ថែមពីនេះ ការហាត់ប្រាណជួយបញ្ចេញជាតិពុលពីរាងកាយ ដែលធ្វើឱ្យស្បែកតឹងណែន និងមានសភាពភ្លឺរលោងពីខាងក្នុង ពីព្រោះ បន្ទាប់ពីយើងហាត់ប្រាណរួចហើយ ក្នុងខ្លួនយើងនឹងត្រូវការជាតិទឹកទៅបំពេញដែលជាពេលដែលយើងអាចញ៉ាំទឹកបានច្រើន ជាពិសេស កញ្ញាតែងតែញ៉ាំទឹកក្ដៅឧណ្ឌៗដើម្បីឱ្យខ្លាញ់នៅបរិវេណក្បាលពោះបានដុតរំលាយបានល្អ និង ស្រកក្បាលពោះបានលឿន។
កញ្ញា ចាន់ គង្ការបន្តថា ការហាត់ប្រាណនាពេលព្រឹកគឺ ជាពេលល្អបំផុតនៅពេលយើងក្រោកពីគេងក្បាលពោះយើងរាបស្មើមិនសូវធ្ងន់ ដូចនេះយើងអាចហាត់បានយូរ។ លើសពីនេះ ការហាត់ប្រាណជួយអ្នកបានត្រឹមតែ៣០%ប៉ុណ្ណោះ ចំណែក ៧០%ទៀត គឺអាស្រ័យចំណីអាហារ ។ សម្រាប់កញ្ញាផ្ទាល់ គឺមានទម្លាប់ញ៉ាំ តែក្ដៅៗនាពេលព្រឹក ឬ ញ៉ាំនំប៉័ង ទឹកផ្លែឈើស្រស់ សាឡាត់ ដើម្បីកុំឱ្យធ្ងន់ពោះពិបាកធ្វើការងារ នឹងមិនសូវញ៉ាំរបស់ផ្អែម ប្រៃ និងអាហារដែលសម្បូរជាតិខ្លាញ់នោះទេ ។
ដោយឡែក ការថែរក្សាផ្ទៃមុខ និងស្បែកខ្លួនវិញ គឺកញ្ញាផ្ដោតទៅលើការថែរក្សាតាមបែបធម្មជាតិជាជាងការប្រើផលិតដែលមានជាតិកាត់ ដែលធ្វើឱ្យស្បែកងាយនឹងសឹករិចរីលនិងបង្កហានិភ័យទៅថ្ងៃក្រោយ។ កញ្ញា គង្ការប្រាប់ មូលហេតុនៃការជ្រើសប្រើគ្រឿងថែរក្សាធម្មជាតិពីព្រោះខ្លួនគិតថា “ ខ្ញុំគិតថា ខ្ញុំមិនចង់ស្អាតតែថ្ងៃនេះនោះទេ គឺខ្ញុំចង់ស្អាតរហូត ខ្ញុំមិនចង់ឱ្យខ្លួនឯងមានបញ្ហា ឬ ប្រឈមនឹងជំងឺដែលបណ្ដាលមកពីការប្រើផលិតផលនោះទេ” ។ បន្ថែមពីនេះ ពេលខ្លះកញ្ញា ទិញគ្រឿងស្ពុងមុខ យកមកស្ពុងដើម្បីបញ្ចេញជាតិពុលពីផ្ទៃមុខ និងធ្វើឱ្យមុខមានសំណើមស្រស់ថ្លាម៉ដ្ឋរលោងតាមធម្មជាតិ ហើយសម្រាប់ផលិតផលថែរក្សាស្បែក កញ្ញាប្រើភាគច្រើន គឺឡេបំប៉ន់ដែលមានជាតិកាត់តិច តែផ្ដល់សំណើមខ្ពស់ដល់ស្បែកខ្ពស់ និងការពារស្បែកពីពន្លឺព្រះអាទិត្យបានល្អ។
គួរបញ្ជាក់ថា កញ្ញាតែងតែធ្វើការ បិទមុខជាមួយត្រសក់ ឬកិនចេកទុំរួចយកមកបិទនៅលើផ្ទៃមុខ ពេលខ្លះក៏ទិញពពួកម៉ាសផ្កាស្មៅ មកដាក់ជាមួយទឹកដោះគោ ឬ យ៉ាអ៊ួរហើយបិទម៉ាស្សាលើផ្ទៃមុខ ដែលភាគច្រើនមិនសូវចំណាយលុយច្រើនអ្វីនោះទេ។
0 Comments