និទានខ្មោច៖ ខ្មោចនាងម្លិះ

 


នៅក្នុង​ឆ្នាំ២០១២ នា​វិទ្យាល័យ​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​ … នៃ​ប្រទេស​កម្ពុជា​ … ដែល​មាន​ពាក្យ​ចចាមអា​រ៉ា​មតៗ​គ្នា​មក​ថា ​មានវិញ្ញាណ​ដ៏​កាច​សាហាវ​បាន​លង​បន្លាច​គ្រប់គ្នា​​ដែល​ឋិតនៅ​ក្នុង​វិទ្យាល័យ​មួយ​នេះ​ ដែលគេ​ដឹង​ថា គឺជា​វិញ្ញាណ​ខ្មោចតៃហោង​នៃ​សិស្ស​ស្រី​ម្នាក់​ក្នុង​ថ្នាក់​ទី១២Cs

នា​ព្រឹក​បើក​បវេសនកាល​ដំបូង សិស្សានុសិស្ស​ទាំងឡាយ​វិលត្រឡប់​មកកាន់​សាលារៀន​វិញ ភ្ជាប់​ជាមួយនឹង​ទឹកមុខ​រីក​រាយ​គ្រប់​ៗគ្នា​ដែល​បាន​ជួប​មិត្តសម្លាញ់​ដោយ​បែក​ក្នុង​វិស្សមកាល​ដ៏​សែន​យូរ។

នាង​ម្លិះ​ គឺជា​កូនស្រី​អ្នកមាន​ជីវភាព​ធូរ​ធារ​ម្នាក់​រស់នៅ​ដាច់ស្រយាល​នាឯចុង​ភូមិ​ឯណោះ។ ​ឆ្នាំនេះ​ នាង​មាន​អាយុ១៧ឆ្នាំ​ មាន​រូប​សម្រស់​ស្រស់​ស្អាត រៀនក៏​ពូកែ​ ថែមទាំង​ជា​នាដ​ការី​របាំ​បុរាណ​ដ៏​ជំនាញ​ម្នាក់​ផង​ដែរ។ 

នៅក្នុង​ឆ្នាំ​សិក្សា​ថ្មីនេះ ម្លិះ​នាង​បាន​ផ្លាស់​ប្តូរ​សាលារៀន​ឯស្រុកកំណើត ​ដោយ​ប្តូរ​មក​សិក្សា​នៅ​វិទ្យាល័យ​ដ៏​ដំ​មួយ​នៅក្នុង​ទីក្រុង​វិញ​ម្តង ក៏​ព្រោះតែ​ម្តាយ​នាង​បាន​លែងលះ​ជាមួយ​បុរស​ប្រមឹក​ផឹក​យប់​ផឹក​ល្ងាច​ថែមទាំង​មាន​ស្រី​ក្រៅ​ទៀតផង​ ជាហេតុ​ធ្វើ​ឱ្យ​មីង ​ភា ​ជា​ម្តាយ​ម្លិះ​ សម្រេចចិត្ត​លែងលះ​ស្វាមី​គាត់​ទាំង​ទឹកភ្នែក ហើយ​កាលដែល​មក​រស់នៅ​ទីក្រុង​នេះ​ទៀតសោត ​ក៏​មិនសូវ​ស្រណុក​សុខ​ស្រួល​ដូច​កាល​នៅ​ជនបទ​ឡើយ ហើយ​ជីវភាព​របស់​ពួក​គេ២នាក់​ម្តាយកូន​ក៏​រាង​ពិបាក​ជាង​មុន​ណាស់​ដែរ ដោយ​ម្តាយ​នាង​មក​ជា​អ្នកលក់​នំប៉ាវ​នៅ​ក្បែរ​សាលារៀន​កូន​នាង​ផង​ដែរ។

វិលត្រឡប់​មកកាន់​វិទ្យាល័យ​ថ្មី​!!!

នាង​ម្លិះ​ បាន​ដើរ​តម្រង់​ចូល​ទៅកាន់​ជាន់ទី៣ នៃ​បន្ទប់ ១២Cs ដោយ​ឥរិយាបថ​សុភាពរាបសារ និយាយរួម​យើង​ដឹង​ស្រាប់ហើយ​ថា មិនថា​បុរស​ឬស្រ្តី​ឡើយ​ ឱ្យ​តែ​ធ្លាប់​ទទួល​បានការ​ហាត់រៀន​នៅ​សាលា​របាំ ​ប្រាកដ​ណាស់​ទាំង​ដំណើរ​កាយវិការ សម្តី​សម្តៅ​ប្រកបដោយ​ភាព​ទន់ភ្លន់ ចេះ​គោរព​ឱនលំទោន​អស់​ចាស់​ព្រឹទ្ធា​ចារ្យ​ទាំងពួង​។

គ្រាន់តែ​នាង​ទាញ​ទ្វារដើរ​ចូល​ភ្លាម សិស្ស​គ្រប់រូប​បើក​ភ្នែក​ធំៗ​សម្លឹង​នាង​ម្លិះ​ឥត​ដាក់ ជា​ពិសេស​ក្រុម​របស់​នាង វត្តី កូនស្រី​នាយក​សាលា នរណា​ក៏​ដឹង​ថា ​នាង​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា ​តែ​ឥរិយាបថ​ពុំ​ស័ក្តិ​សមជា​កូនស្រី​អ្នកចេះដឹង​ថែមទាំង​ខ្លួន​ជាប់​ឈ្មោះ​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ទាល់តែសោះ ភាព​ក្អេងក្អាង ក្រអឺត​ក្រទម មើលងាយ​អ្នកទាប​តូច​ខ្សត់ខ្សោយ​ជាង​ខ្លួន ថែមទាំង​មាន​ក្រុម​បក្ស​ពួក​និ​យម​បង្កជម្លោះ​ជា​រឿយ​ៗផង​ដែរ។ 

ចូល​មកកាន់​នាង​ម្លិះ​វិញ​ដែល​ជា​ក្មេងស្រី​មាន​ទាំង​សម្ផស្ស ចរិតជា​កុលធីតា​ខ្មែរ បាន​លើកដៃ​ជម្រាបសួរ​ដល់​អ្នកគ្រូ​ ទេវី​ដែល​ជា​អ្នកបង្រៀន​លើ​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​ប្រកបដោយ​ពុទ្ធិ​ និងជា​ស្រ្តី​វ័យ​ឆ្លាត​មាន​ព្រហ្មវិហារ​ធម៌​ទាំង៤គឺ មេត្តា ករុណា ឧបេក្ខា នឹង​មុទិតា ដែល​ជាហេតុ​ធ្វើ​ឱ្យ​សិស្ស​ទាំងឡាយ​ស្រឡាញ់​គោរព​កោតខ្លាច​គាត់​ក្នុងនាម​ជា​គ្រូ លើកលែងតែ​ក្រុម​នាង ​វត្តី​ ប៉ុណ្ណោះ។

អ្នកគ្រូ​ ទេវី បាន​អង្អែល​សក់នាងម្លិះដែលខ្មៅ​រលោង​ប្រៀប​បីដូច​លាប​គ្រឿងប្រដាប់​តុប​តែង​លម្អ​ មាន​ប្រេង​ច័ន្ទ ពងមាន់ ជាដើម។ រួច​គាត់​បាន​ប្រកាស​ឱ្យ​អ្នកគ្រប់គ្នា​បានដឹង​អំពី​នាង​ម្លិះ​ដែល​ជា​សិស្ស​ចំណូល​ថ្មី​នៃ​ទឹកដី​វិទ្យាល័យ​ចាស់។ 

អ្នកគ្រូ​ ទេវី​ មាន​ប្រសា​សន៍៖ សួស្តី​! កូន​ៗទាំងអស់គ្នា តើ​កូន​ៗមាន​ដឹង​អត់​ថា​ ថ្ងៃនេះ​អ្នកគ្រូ​បាន​នាំ​នរណា​មកនេះ​? នេះ​គឺ ​ម្លិះ! នាង​នៅពេល​នេះ​នឹង​ក្លាយទៅជា​មិត្ត​ដ៏​ល្អ​សម្រាប់​កូន​ៗ ព្រោះ​នាង​ទើបតែ​ផ្លាស់​ពីសា​លា​មួយ​នៅ​ឯស្រុកស្រែ​ឯនាយ​ជនបទ​ឯណោះ។ ដូច្នេះ ​ចូរ​អ្នកគ្រប់គ្នា​ត្រូវ​ចេះ​គោរព​ស្រឡាញ់​រាប់អាន​គ្នា​ប្រកបដោយ​សុភមង្គល​ណា៎​កូនៗ។

អ្នកគ្រូបន្ដ៖ ហ៎ក! ម្លិះ​កូន តើ​កូន​មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ដែរ​ទេ​កូន​?

ម្លិះ៖ ​អរគុណ​អ្នកគ្រូ សួស្តី​ដល់​មិត្ត​ទាំងឡាយ ខ្ញុំ​គឺជា​សិស្ស​ថ្មី​ នាងខ្ញុំ​ពុំសូវ​ចេះនិយាយ​ស្តី​ឡើយ ហេតុនេះ​នាងខ្ញុំ​មានតែ​ពាក្យសុំ​ផ្ញើខ្លួន​ផ្ញើ​កាយ​ដល់​អ្នក​ទាំងអស់គ្នា​ផង រាល់​កំហុស​ខុសឆ្គង​ដោយ​អចេតនា សូម​ជួយ​ណែនាំ​តម្រង់ផ្លូវ​ផង​ចុះ ខ្ញុំ​មានតែ​ប៉ុណ្ណឹង​ទេ អរគុណ​ច្រើន។

បន្ទាប់ពី​ការណែនាំ​ខ្លួន​រួច ម្លិះ​ ក៏​ដើរទៅ​កាន់​តុ​ហើយ​ប្រុង​ចូល​អង្គុយ​ជាមួយ​នាង​ សិតា​ ដែល​ជា​គ្នីគ្នា​នាង ​វត្តី​ កូនស្រី​នាយក។ នាង ​សិតា​ បាន​យក​កាតាប​ដាក់​ពាំង​ ដើម្បី​កុំឱ្យ​នាង ​ម្លិះ ​អង្គុយ​ជាមួយ​ខ្លួន។ ម្លិះ មិន​មាត់ ​ញញឹម​ហើយក៏​ដើរ​បន្ត​ទៀត​ទៅ​អង្គុយ​ជាមួយ សុ​ថា​វី តែ​នាង​មិនព្រម​ឱ្យ​ ម្លិះ ​អង្គុយ​ជាមួយ​ខ្លួន​ឡើយ។

ឃើញ​ការរើសអើង​ដូច្នេះ មន្ត​សុ​និ​រ័ត្ន​ន៍ ក៏​ហៅ​ឱ្យ​ ម្លិះ​ មក​រួម​តុ​ជាមួយ​ខ្លួន បន្ទាប់ពី​នាង​ដើរមក​រក​តុ​របស់ មន្ត​សុ​និ​រ័ត្ន​ន៍ ​ក៏​ស្រាប់តែ​នាង ​វត្តី​ ស្រី​ឫស្យា​បាន​ពាំង​ជើង​បណ្តាល​ឱ្យ​នាង​ដួល សិស្ស​គ្រប់គ្នា​សើច​រំពង​ពេញ​ថ្នាក់រៀន តែ​ត្រូវ​ស្ងប់ស្ងាត់​វិញ​ដោយសារ​សំឡេង​របស់លោក ​សុភ​ពង្ស ដែល​ជា​កូន​អ្នកមាន​ម្នាក់​រួម​ទាំង​ជាតា​រា​នៃ​វិទ្យាល័យ​នេះ​ផង​ដែរ បាន​រត់​មក​លើក​នាង ​ម្លិះ​ ឡើង ​ធ្វើ​ឱ្យ​គ្រប់គ្នា​ស្រឡាំងកាំង ​រី​ឯនា​ វត្តី​ វិញ ក្តៅ​ឆេះ​ឈួល​ឆា​លពេញ​ផ្ទៃ​ចិន្តា​ស្ទើរ​ផ្ទុះ​ ប្រៀប​បីដូច​បន្ទុះ​ភ្នំភ្លើង Tambora ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៩២ ០០០ នាក់​​យ៉ាង​ដូច្នេះ​ដែរ។ 

រី​ឯកែវភ្នែក ​ម្លិះ​ និង​ សុភ​ពង្ស​ បាន​ត្របាញ់​ដាក់គ្នា​យ៉ាង​ជ្រួល​ច្រាល។ អ្នកគ្រូ​គ្រ​ហេម ពួក​គេ​ទាំង២នាក់​ក៏​ត្រឡប់ទៅ​កាន់​តុ​រៀង​ៗខ្លួន​វិញ។ 

នាង​ម្លិះ​ និង ​មន្ត​សុ​និ​រ័ត្ន​ន៍ បាន​ក្លាយទៅជា​មិត្ត​ដ៏​ល្អ​ម្នាក់​ផង​ដែរ មិនថា​ទៅណាមកណា ពួក​គេ​ទាំង២មិនដែល​រំ​លង​គ្នា​ម្ត​ងណា​ឡើយ។

តែ​ដោយសារ​ថ្ងៃមួយ មន្ត​សុ​និ​រ័ត្ន​ន៍ ​មិន​នៅ នាង​ម្លិះ​ក៏​ទៅ​សាលា​តែម្នាក់ឯង។ ពេល​មួយ​នោះ​ម្លិះ​នាង​បាន​ដើរទៅ​កាន់​បន្ទប់ទឹក​តែម្នាក់ឯង ​បន្ទាប់ពី​សិស្ស​គ្រប់គ្នា​ចាកចេញ​ពី​សលា​រៀន​អស់​។ នាង​ដើរ​ផង​ច្រៀង​ល្ខោន​យីកេ​ផង ទៅដល់​ខាងក្នុង​បន្ទប់ទឹក​ នាង​ក៏​ចូល​បត់ជើង ​ស្រាប់តែ​ពេលនោះ​ក្រដាស​ក៏​អស់ នាង​ម្លិះ​ក៏​គោះ​ហៅ​អ្នក​នៅ​បង្គន់​ក្បែរ​នាង​សុំ​ក្រដាស ហើយ​នាង​ក៏​លូកដៃ​ទៅ ​ចៃដន្យ​អី​ដៃ​នាង​ក៏​ត្រូវ​បាន​ឆូត​ដោយ​កាំបិត​ហូរឈាម​កក្លាក់​ពាសពេញ​ការ៉ូ នាង​ឈឺ​ពេក​ ម្យ៉ាង​ឈាម​ហូរ​ឥត​ឈប់​ ក៏​ចាប់​ទាញ​ហែក​អាវ​មក​រុំ​របួស ​ហើយ​បម្រុង​នឹង​ចាកចេញ​ពី​បង្គន់ ស្រាប់តែ​សមាជិក២ម្នាក់​ក្នុង​ក្រុម​នាង ​វត្តី​ បាន​ដើរចូល​មក​ចាប់ចង​ដៃ​ចងជើង​នាង​ម្លិះ​ទៅ​នឹង​ចាន​បង្គន់ បន្ទាប់មកនាង ​វត្តី​ បាន​ដើរមក​ដោយមាន​កញ្ចប់​អំបិល​ក្រួស​មក​ជាមួយផងដែរ។

វត្តី៖ យ៉ាងម៉េច​ហើយ​នាង ​ម្លិះ! ស្រី​សម្អុយ​ដែលគេ​រាល់គ្នា​កោតសរសើរ​ពី​នាង​គ្រប់​ៗម៉ាត់​ យ៉ាងម៉េច​ទៅ​ហើយ​? ទើបបាន​ជា​ធ្វើមុខ​គួរ​ឱ្យ​អាណិត​បែបនេះ​?

ម្លិះ៖ ​តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី​លើ​ពួក​នាង ទើប​ពួក​នាង​ធ្វើបែប​នេះ​មក​លើ​យើង​យ៉ាង​ដូច្នេះ​?

វត្តី៖ ​ឯង​មិនបាច់​មក​សួរ​យើង​ទេ​ ស្រី​អសោច! នាង​ឯងនេះ​ឃើញ​ប្រុស​មិនបាន ​ឱ្យ​ភ្នែក​ឱ្យ​ច្រមុះ​ណាស់​ នៅក្មេង​ទេតែ​ម៉េច​ក៏​ឆ្លេ​មម៉េ​សណ៎​? ឬមួយ​ក៏​នាង​កាត់​ទៅតាម​ពូជ​ម្តាយ​នាង​? ហាស​ហា… គួរ​ឱ្យ​អស់សំណើច​ណាស់​!

ម្លិះ៖ ​វត្តី!​ ឯង​អាច​ជេរស្តី​យើង​បាន តែ​ឯងមិន​អាច​មាក់​ងាយ​ម្តាយ​យើង​បាន​ឡើយ ព្រោះ​គាត់​កំពុងតែ​ជាប់​កិច្ចការ​ដ៏​មមាញឹក​ ពុំ​បាន​មកលេង​សើច​ជាមួយ​ឯង​ឡើយ​ វត្តី​!

វត្តីៈ៖ ឈប់​ទៅ​ម្លិះ ឈប់​ធ្វើ​អាច​រិត​តួឯក​ហ្នឹង​ទៀត​ទៅ ​យើង​ខ្ពើមរអើម​ខ្លាំង​ណាស់។ សិតា​ និង ​សុ​ថា​វី ចាប់ដៃ​នាង​ឱ្យ​ជាប់​ កុំឱ្យ​នា​ងរើបម្រាស​ឱ្យ​សោះ។

និយាយ​រួច នាង ​វត្តី​ ក៏​យក​កាំបិត​ទៅ​ឆូត​នៅត្រង់​កញ្ចឹងក​ម្លិះ រួច​ក៏​រៀបនឹង​ចាប់​អំបិល​ប៉ាត​ពីលើ​ទៅ​ហើយ​ ស្រាប់តែ មន្ត​សុ​និ​រ័ត្ន​ន៍ ​ក៏​ចូល​មកដល់​ ហើយ​ច្រាន​នាង​ វត្តី​ បណ្តាល​ឱ្យ​ដួលផ្ងារ​ក្រោយ​ទៅលើ​ការ៉ូ រួច​ចាប់​យក​កាំបិត​មក​ទាញ​នាង​វត្តី​ ធ្វើជា​ចំណាត់​ខ្មាំង ​ដើម្បី​ឱ្យ​នាង២នាក់​នោះ​ដោះលែង​ម្លិះ។

បន្ទាប់ពី​ពួក​គេ​ដោះ​លែ​ងម្លិះ​ហើយ​ មន្ត​សុ​និ​រ័ត្ន​ន៍ ​ក៏​នាំ​ម្លិះ​រត់​ចាកចេញ​ទៅផ្ទះ​វិញ​យ៉ាង​លឿន។ ចំណែក​ឯ​ពួក​នាង​ទាំង៣នាក់​នេះ​វិញ​កើតក្តី​ឈឺចិត្ត​ជា​ខ្លាំង។

នៅ​ថ្ងៃបន្ទាប់ ក្រុម​នាង ​វត្តី​ បាន​យក​ឈាមរដូវ​ទៅ​លាប​នៅ​លើ​តុ​ដែល​ម្លិះ​នាង​អង្គុយ លុះ​បន្តិច​ក្រោយមក ​ម្លិះ​នាង​បាន​មកដល់​ហើយ​ដាក់គូទអង្គុយ​ចុះ​ទាំង​ពុំ​បាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ ស្រប​ជាមួយគ្នា​នេះ​ដែរ​ លោក​ មានិត ​ជា​គ្រូ​គណិតវិទ្យា​បាន​ហៅ​នាង​ឱ្យ​ឡើង​ដោះស្រាយ​លំហាត់ បន្ទាប់ពី​នាង​ឡើង​ទៅដល់​លើ​ក្តារ​ខៀន ស្រាប់តែ​សិស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន មាន​ទាំង​អ្នកខ្លះ​បាន​សើចចំអក​ថែមទៀត​ផង។ ​សុភ​ពង្ស​ កាលបើ​ឃើញ​ម្លិះ​នាង​កំពុង​ស្ថិតនៅ​ក្នុង​ភាព​អា​ម៉ាស់​បែបនេះ​ហើយ ក៏​ប្រញាប់​ដោះអាវ​ក្រៅ​របស់​ខ្លួន​ទៅ​បាំង​ រួច​នាំ​នាង​ទៅផ្ទះ​បាត់​ទៅ។

ចំណែក​ម្តាយ​នាង​វិញ​ដែល​កំពុងតែ​លក់​នំប៉ាវ​នៅ​ក្បែរ​សាលា គាប់​ជួន​ក្រុម​នាង ​វត្តី​ បាន​ស្គាល់​ថា​នេះ​ជា​ម្តាយ​របស់​នាង​ម្លិះ​ដូច្នេះហើយ នាង​វត្តី​ក៏បាន​រៀប​គម្រោងការ​ដោយ​ឱ្យ​នាង ​សិតា ​ជា​អ្នក​ទៅ​ធ្វើជា​និយាយ​លេង​​បន្លប់ រួច​នាង​ក៏​ឱ្យ​នាង​ សុ​ថា​វី ​ជា​អ្នកចាប់​យកកូន​កណ្តុរ​ដែល​នាង​វាយ​នោះ​ យក​ទៅ​ដាក់​នៅក្នុង​ឆ្នាំងចំហុយ​នំប៉ាវ។

បន្ទាប់ពី​នោះ នំប៉ាវ​របស់​ម្តាយ​នាង​ម្លិះ​ត្រូវ​បាន​គេ​គ្រប់​គ្នា​លែង​ញ៉ាំ ដោយ​គិតថា​ គាត់​ជា​មនុស្សគ​គ្រិច​គ្មាន​អនាម័យ ថែមទាំង​ស្តី​បន្ទោស​យ៉ាង​ក្រាស់ក្រែល​ផង​ដែរ។ ដោយសារ​មុខ​របស់​លក់​នំប៉ាវ​មួយ​នេះ​លែង​ដំណើរការ​ទៅមុខ​ទៀត គាត់​ពិតជា​សោកសៅ ​យំ​ផង​អូស​រទេះ​នំប៉ាវ​ផង ដោយ​ឆ្លងថ្នល់​ពុំ​បាន​មើល​ភ្លើង​សញ្ញា​ចរាចរណ៍ ​ក៏​ត្រូវ​ឡាន​កិន​ស្លាប់​មួយរំពេច រី​ឯនំប៉ាវ​ខ្ចាត់​ខ្ចាយ​ប្រ​លាក់​ឈាម​ពាសពេញ​ថ្នល់។ 

……………………….!!

នាង​ម្លិះ​ បន្ទាប់ពី​នាង​ធ្វើបុណ្យ​ជូន​ម្តាយ​នាង​ហើយ បាន​ប្រមាណ​ជាង២ទៅ៣ថ្ងៃ​ នាង​ក៏​ទៅរៀន​ជា​ធម្មតា​ទាំង​ដែល​ក្នុង​អារម្មណ៍​សោកសង្រេង​មិនទាន់​សាបរលាប​នៅឡើយ។ រៀងរាល់​ពេល​ចេញលេង ​នាង​មិន​ភ្លេច​ឡើយ​ទៅកាន់​បន្ទប់​សិល្បៈ​ដើម្បី​ហាត់​រាំ​និង​ច្រៀង​ ក៏​ទោះបីជា​ពេលខ្លះ​ពុំ​មាន​គ្រូ​មក​បង្រៀន​ក៏ដោយ។

ក្នុង​ថ្ងៃបន្ទាប់​ដែល​ជា​ថ្ងៃ​សាលា​មានកម្ម​វិធី​សង្ក្រានអបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក៏បាន​រៀបចំ​ពិធីរាប់បាត្រ ​ថែមទាំង​មានការ​ប្រឡងប្រជែង​ផ្នែក​សិល្បៈ​ទាំង​ការ​ច្រៀង​និង​ការ​រាំ​របាំ។ ដូ​ច្នេះ ​សិស្សា​នុ​សិស្ស​ទាំងឡាយ​ខិតខំ​ប្រឹងប្រែង​ហាត់រៀន​ ដើម្បី​ធ្វើ​យ៉ាងណា​ទួល​បាន​ពានរង្វាន់​នឹង​ក្លាយជា​តារា​ប្រចាំ​វិទ្យាល័យ ដោយសារតែ​បែបនេះ​ហើយ ទើប​នាង​ម្លិះ​នាង​ប្រឹងប្រែង​ហាត់​ច្រៀង​នៅក្នុង​បន្ទប់​សិល្បៈ​តែម្នាក់​ឯង​លុះដល់​ម៉ោង៦កន្លះ​ល្ងាច ។

ក្រុម​នាង​ វត្តី​ ក៏បាន​ដើរចូល​មក ​ក្នុងទឹក​មុខគួរ​ឱ្យ​ខ្លាច ​ហើយ ​វត្តី​ នាង​ក៏​ទៅលើ​កជើង​ដាក់លើ​សៀវភៅ​ដែល​ម្លិះ​កំពុងតែ​ហាត់​ច្រៀង​តាម ដោយ​ឃើញ​បែបនេះ​ហើយ ​ម្លិះ ​ក៏​មិន​មាន​និយាយ​អ្វី​ទៀត​ដែរ ដោយ​គ្រាន់តែ​ប្រុង​ចាកចេញ​ពី​តុ ស្រាប់តែ​នាង ​សិតា ​ចាប់​ព័ទ្ធ​ដៃ​ម្លិះ​មក​ក្រោយ ចំណែក​ឯ វត្តី​ ក៏​និយាយ​ស្តីឱ្យ​នាង​ ថែមទាំង​គំរាមមិន​ឱ្យ​នាង​ធ្វើ​យ៉ាងណា​ប្រឡង​បា​នពិន្ទុះ​ខ្ពស់​ជាង​ខ្លួន​ជាដាច់ខាត រួច​ក៏​ទះកំផ្លៀង​ម្លិះ​យ៉ាងដំណំ​ផង​ដែរ។ បន្ទាប់ពី​នោះ ពួក​នាង​ក៏​ចាកចេញ​បាត់​ទៅ​ ទុក​ឱ្យ​ម្លិះ​យំ​ដោយ​ក្តី​ឈឺចិត្ត​ត្រង់​ដែល​ខ្លួន​ពុំ​អាច​ធ្វើអ្វី​ដើម្បី​ការពារ​រាងកាយ​ខ្លួនឯង​បាន។

កម្មវិធី​ប្រឡងប្រជែង​ក៏បាន​មកដល់ ដោយ​គ្រាន់តែ​ម្លិះ​ចេញ​មក​ច្រៀង​ភ្លាម ​គ្រប់គ្នា​នាំគ្នា​ទះដៃ​អបអរសាទរ​យ៉ាង​កងរំពង។ នៅពេល​នោះ​ ម្លិះ​នាង​ក៏​ទទួល​បាន​នូវ​ចំណាត់ថ្នាក់​លេង១ ហើយ​ក្លាយទៅជា​តារា​ប្រចាំ​វិទ្យាល័យ​ផង​ដែរ ចំណែក​ សុភ​ពង្ស​ ក៏បាន​នាំ​យក​នូវ​បាច់​ផ្កាដ៏​ស្រស់​ស្អាត​ទៅ​ជូន​នាង​ផង​ដែរ។ បើ​យើង​ងាក​ក្រឡេកមក​មើល​ក្រុ​មនាងៗ​ទាំង៣នាក់​នោះ​វិញ ​ខាំមាត់​ខាំ​ក ពុំ​ដឹង​ថា​ឈឺចិត្ត​គ្រាំ​ឈាម​ប៉ុណ្ណា​នោះ​ទេ។

ដោយសារ​សេចក្តី​ច្រណែន​ ទើប​បណ្តាល​ឱ្យ​នាង ​វត្តី ​រួម​ទាំង​បក្ស​ពួក​បាន​បង្កើត​ផែនការ​ជាបន្តបន្ទាប់។

វត្តី៖ សួស្តី​ម្លិះ! ឯង​ពិតជា​ពូកែ​ខ្លាំង​ណាស់ ​ពួក​យើង​សូម​កោតសរសើរ​ពិតមែន។

សិតា ​និង​ សុ​ថា​វី៖ ​ពិតមែនហើយ ឯង​ពិតជា​ពូកែ​មែន​ មិន​ត្រឹមតែ​មាន​រូប​សម្រស់​ស្អាត​ទេ ​ថែមទាំង​ពោរពេញ​ដោយ​ទេពកោសល្យ។

​ម្លិះ៖ ​ចា៎ស​! ខ្ញុំ​អរគុណ​ខ្លាំង​ណាស់ អញ្ចឹង​ខ្ញុំ​សុំ​លា​ទៅផ្ទះ​សិន​ហើយ​ណា៎!

​វត្តី៖ ឈប់​សិន​ម្លិះ ​គ្នា​ចង់​បបួល​ឯង​ទៅ​ប៉ាវ​ញ៉ាំ​អី​ជុំគ្នា​នៅ​យប់​នេះ ខ្ញុំ​ក៏បាន​បបួល​ សុភ​ពង្ស​ ទៅជាមួយ​ដែរ តើ​ឯង​អាច​ផ្តល់​កិត្តិយស​ចំពោះ​ពួក​យើង​ម្តង​បានទេ ហើយក៏​សុំទោស​រាល់​កំហុសឆ្គង​ដែល​យើង​មាន​ចំពោះ​ឯង ទៅៗ​ណា៎​ម្លិះ​!

នាង​ម្លិះ​ កើត​ក្តី​ងឿង​ឆ្ងល់​ជា​ខ្លាំង ​តែ​នាង​បែរជា​ចិត្តទន់​យល់ព្រម​ទៅ។

រាត្រីកាល​បាន​ឈាន​ចូល​មកដល់ ​ពួក​គេ​ក៏បាន​មក​ជួបជុំគ្នា​នៅក្នុង​ក្លឹប​រាត្រី​មួយ​កន្លែង ម្លិះ​នាង​ហាក់​មិន​សប្បាយចិត្ត​ក៏​ព្រោះតែ​នាង​ជា​កូន​អ្នកស្រែ​ចម្ការ ​ពុំ​ស្គាល់​ទេ​នូវ​បរិយាកាស​បែបហ្នឹង។ បន្ទាប់មក ​ពួក​គេ​បាន​បញ្ច្រក​ស្រា​ទៅ​ឱ្យ​ សុភ​ពង្ស​ រួម​ទាំង ​ម្លិះ ​យ៉ាងច្រើន ​រហូត​ធ្វើ​ឱ្យ​ពួក​គេ​ទាំងពីរ​ស្រវឹង​យ៉ាង​ជោកជាំ មិន​តែប៉ុណ្ណោះ ​ពួក​នាង​ក៏បាន​លួច​ដាក់ថ្នាំ​សម្រើប​ចូល​ទៅ​ក្នុង​កែវ​ស្រា​របស់​ម្លិះ ​ធ្វើ​ឱ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ចាប់ផ្តើម​កើត​នូវ​អារម្មណ៍​ស្រើបស្រាល​និង​រោលរាល​ជា​ខ្លាំង ​ក៏​នាំគ្នា​ចូលក្នុង​បន្ទប់​ដែល​បាន​បង្កប់​នូវ​កាមេរ៉ា។

នៅពេល​ព្រឹក​នោះ ម្លិះ​ នាង​ក៏​ទៅ​សាលារៀន​ដូចសព្វដង ​ស្រាប់តែ​ពេលនោះ ​អ្នកគ្រប់គ្នា​មើល​មុខ​នាង​ដោយ​អាការ​ពេបជ្រាយ​នាង ម្លិះ​នាង​ក៏​ឆ្ងល់​ក្នុងចិត្ត​ណាស់​ដែរ លុះ​នាង​ចូល​ដល់​ខាងក្នុង​បន្ទប់​រៀន ក៏​មាន​សារ​មួយ​ផ្ញើដោយ​ជនអនាមិក​ម្នាក់​ដោយ​ពុំ​ស្គាល់​ថា​ជា​នរណា​ឡើយ នាង​ក៏​បើក​មើល ​ពេលនោះ​នាង​ស្ទើរ​គាំង​ដួល​នឹង​មួយ​កន្លែង​ ក៏​ព្រោះ​តែ​ឃ្លី​បវីដេអូ​អាក្រាត​កាយ​របស់​នាង​ជាមួយ​នឹង​ សុភ​ពង្ស។

ម្លិះ ​ភ័យ​ខ្លាំង​ណាស់ ហើយ​នាង​ក៏​បើក​មើលក្នុង​បណ្តាញ​សង្គម​ ឃើញថា ​មាន​គេ​ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន​សន្ធឹក​ដោយ​អ្នកខ្លះ​បាន​សើចចំអក​និង​ជេរ​នាង​មិន​តិច​ឡើយ ចំណែក​ឯ សុភ​ពង្ស​ ក៏បាន​បាត់ខ្លួន​ពុំ​ដឹង​ថាទៅ​ណា​ឡើយ នាង​ទាក់ទង​ទៅ​គេ​គ្រប់​មធ្យោបាយ​នៅតែ​មិនបាន រី​ឯនាង​ មន្ត​សុ​និ​រ័ត្ន​ន៍​ ក៏​មិនឃើញ​វត្តមាន​ឡើយ នាង​ពិត​ជា​ខ្មាស់​គេ​ខ្លាំង​ណាស់ ព្រោះ​អ្នករាល់គ្នា​សើចចំអក​ថាឱ្យ​នាងស​ព្វ​បែបយ៉ាង ​នាង​ក៏​សម្រេចចិត្ត​រត់ចេញ​ពី​បន្ទប់​រៀន រី​ឯអ្នកគ្រូ​ ទេវី​ក៏បាន​ចាប់ដៃ​នាង​ឃាត់ ​ប៉ុន្តែ​មិនបានការ​ឡើយ​ នាង​រត់​យ៉ាង​លឿន​សំដៅ​ទៅកាន់​បន្ទប់​សិល្បៈ​ទាំង​ទឹកភ្នែក​ហូររហាម​ជោកជាំ​ផែន​ថ្ពល់​។

នាង​ម្លិះ​ ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​យក​ស្នៀតសក់​ធ្វើ​ពី​ផ្លាក​ទី​នដ៏​មុត​ស្រួច​ដែល​ សុភ​ពង្ស​ ជូន​នាង​ តែ​មុននឹង​នាង​សម្លាប់​ខ្លួន​ នាង​បាន​ច្រៀង​ចម្រៀង​មួយ​បទ​ដាក់​មេក្រូ​ ធ្វើ​ឱ្យ​អ្នកគ្រប់គ្នា​ស្រឡាំងកាំង ​ក៏​បាន​សម្រុក​ទៅកាន់​បន្ទប់​សិល្បៈ ដោយហេតុ​អកុសល​ នាង​ក៏បាន​ស្លាប់​បាត់បង់ជីវិត​បាត់​ទៅ​ហើយ ​ដោយសា​កសព​នាង​បាន​ស្លាប់​បើកភ្នែក​ឈាម​ដាប​ពាសពេញ​ការ៉ូ​ គួរ​ឱ្យ​រន្ធត់ចិត្ត​ជា​ខ្លាំង​។

លោកគ្រូ​នាយក​ក៏បាន​ប្រារព្ធ​ពិធី​កាន់​មរណ​ទុក្ខ​ចំពោះ​ការបាត់បង់​ធនធាន​ដ៏​មានតម្លៃ​ម្នាក់​នៅក្នុង​សាលា។

ចំណែក​ឯបក្ស​ពួក​របស់​នាង​ វត្តី​ ពួក​គេ​ចាប់ផ្តើម​ភ័យខ្លាច​មែនទែន​ ដោយ​ពុំ​បាន​មក​សាលារៀន​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ រី​ឯ សុភ​ពង្ស​ ក៏បាន​បង្ហាញខ្លួន​ជា​ធម្មតា បន្ទាប់ពី​ស្ងប់ស្ងាត់​អំពី​វីដេអូ​មួយ​នោះ ហើយ​នាយ​ក៏​កើតទុក្ខ​ជា​ខ្លាំង​ដែល​បានឮ​ដំណឹង​មរណៈ​របស់​នាង​ម្លិះ។ 

បន្ទាប់ពី​ការ​ស្លាប់​របស់​នាង​ម្លិះ​គម្រប់៧ថ្ងៃ​ សិស្ស​គ្រប់គ្នា​កំពុងតែ​អង្គុយ​រៀន​ជា​ធម្មតា​សុ​ខៗ ​ក៏​ស្រាប់តែ​ឮសូរ​សំឡេង​ច្រៀង​យ៉ាង​គ្រលួច​ចេញ​មក​អំពី​បន្ទប់​សិល្បៈ ​វា​ជា​ចម្រៀង​បុរាណ​ដែល​ម្លិះ​នាង​បាន​ច្រៀង​ក្នុង​ថ្ងៃ​សង្រ្កាន្ត ហើយ​សិស្ស​គ្រប់គ្នា​បានដឹង​ប្រាកដ​ណាស់​អំពី​សំឡេង​មួយ​នេះ ហើយ​ពួក​គេ​កើត​នូវ​សេចក្តី​ភ័យខ្លាច​ជា​ខ្លាំង លោកគ្រូ​នាយក​ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​សាលា​ទៅ​មើល​នៅ​បន្ទប់​សិល្បៈ ក៏ប៉ុន្តែ​វា​គួរ​ឱ្យ​រន្ធត់​ចិត្តជា​ខ្លាំង ​បុរស​ជា​បុគ្គលិក​នោះ​បា​នរ​អិលជើង​ដួល​បោក​ក្បាល​ទៅ​នឹង​តុ​ក្នុង​បន្ទប់​សិល្បៈ​នោះ​ស្លាប់​បាត់បង់ជីវិត​មួយរំពេច​​ទៅ។

មកដល់​គ្នីគ្នា​នាង​ វត្តី ​វិញ​ម្តង ​ពួក​នាង​ចាប់ផ្តើម​សង្ស័យ​អំពី​ការ​ស្លាប់​របស់​បុគ្គលិក​សាលារៀន​ ហើយក៏​នាំគ្នា​បើកឡាន​ទៅកាន់​ព្រៃ​មួយ​កន្លែង មិនដឹង​ថា​ពួក​គេ​នាំគ្នា​មក​ទីនេះ​ក្នុង​គោលបំណង​អ្វី​នោះ​ទេ ពួក​គេ​ក៏បាន​មកដល់​ខ្ទម​ចាស់​តូច​មួយ​នៅ​កណ្តាល​ទ្រូងព្រៃ​ដ៏​ធំ នៅពេល​នោះ​ពួក​នាង​ក៏​ដើរចូល​ទៅ​ជួប​យាយ​ចាស់​ម្នាក់​ក្នុង​សម្លៀកបំពាក់​ខ្មៅ​ សក់​ក្បាល​កន្ទ្រីង​កន្ទ្រើង​ដូច​សក់​នាង​ សុខា ​តារា​ស្អី​គេ​អា​តិក​តុ​កនោះ​អញ្ចឹង។ តាមមើល​ក្រោយខ្នង​គាត់​ មាន​អាសនៈ​និង​ក្បាល​ខ្មោច​ទំនង​ដូចជា​មេ​ធ្មប់អញ្ចឹង គ្រាន់​ឃើញ​ក៏​ព្រឺ​សម្បុរ​ដែរ។

បន្ទាប់មក​ ពួក​នាង​ក៏​បាន​សាកសួរ​យាយ​នោះ​ដែល​មានឈ្មោះ យាយ​ត្រសក់ផ្អែម តិច​ច្រឡំ​រឿង​ព្រះបាទ​ត្រសក់ផ្អែម​អី​ទៅ ​គឺ​អត់ទេ។ គឺ​នាង​សួរ​ទាក់ទង​ទៅ​នឹង​វិញ្ញាណ​នាង​ម្លិះ​ ថា​តើ​នាង​យ៉ាងណា​ហើយ យាយ​ធ្មប់​ក៏​តប​វិញ​ថា ​វិញ្ញាណ​នាង​ពុំ​ទៅណា​ឆ្ងាយ​ឡើយ​អំពី​ទីកន្លែង​ដែល​នាង​បាន​ស្លាប់។

វត្តី៖ ​ចុះលោក​យាយ​ តើ​យើង​អាច​ធ្វើ​យ៉ាងណា​ដើម្បី​កម្ចាត់​វិញ្ញាណ​នាង​កុំឱ្យ​នៅ​ទីនេះ​ទៀត​?

យាយ៖ ទេ​ទេ! គឺ​មិន​ងាយ​ឡើយ មិន​ងាយ​ឡើយ។

​សិតា៖ ហេតុ​អី​បាន​ជា​មិន​ងាយ​ យាយ​?

សុ​ថា​វី៖ មែនហើយ! តើ​នាង​យ៉ាងម៉េច​ ទើប​យើង​ពុំ​អាច​កម្ចាត់​នាង​ចេញ​បាន​?

យាយ៖ ​ក៏​ព្រោះតែ​នាង​គឺជា​ខ្មោចតៃហោង ​(អ្នក​ស្លាប់​ខ្លួន ​ឬ គ្រោះថ្នាក់​ចរាចរណ៍​) ដែល​កាច​សាហាវ​បំផុត​ នាង​គឺជា​វិញ្ញាណ​ចងអាឃាត នាង​រង់ចាំ​តែ​ឱកាសល្អ​នឹងអាល​បាន​ចេញ​មក​សម្លាប់​អ្នកគ្រប់គ្នា​ដែល​ពាក់ព័ន្ធ​ជាមួយ​នាង​ទាំងអស់។

​វត្ត៖ តើ​ត្រូវ​ធ្វើ​ម៉េចទៅ​យាយ​ ដើម្បី​កុំឱ្យ​នាង​ចេញ​មក​អុកឡុក​បាន។ 

យាយ៖ ​គឺ​មានតែ​វត្ថុ​នេះ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ទប់ទល់​ជាមួយ​វិញ្ញាណ​កំណាច​នេះ​បាន ឯង​ត្រូវតែ​យក​យ័ន្ត​មួយ​នេះ​ទៅ​បិទ​នៅកន្លែង​ដែល​នាង​ស្លាប់ ចៀសវាង​កុំឱ្យ​ជ្រុះ​របូត​ជាដាច់ខាត​ បើ​ពុំ​ដូច្នោះ​ទេ ​ពួក​ឯង​នឹង​…!

នៅក្នុង​យប់​ដដែល​នោះ ពួក​នាង​ៗបាន​ចូល​មកដល់​ទីកន្លែង​ហាមឃាត់​នៅក្នុង​សាលារៀន ​គឺជា​បន្ទប់​សិល្បៈ ​តែ​ក៏​ត្រូវ​បាន​ពូ​សន្តិសុខ​ហាម​មិន​ឱ្យ​ចូល​ ព្រោះ​ជា​បំរាម​ហាម​នរណា​ចូល​ក្រៅពី​នាយក​ផ្នែក​គ្រប់គ្រង ពួក​នាង​ក៏បាន​វាយ​ពូ​សន្តិសុខ​នោះឱ្យ​គាត់​សន្លប់​ ចៃដន្យ​អី​ជ្រុលដៃ​ក៏​បណ្តាល​ឱ្យ​សន្តិសុខ​រូប​នោះ​បាន​ដាច់​សរសៃ​កស្លាប់​បាត់​ទៅ ពួក​នាង​ក៏​អូសយក​ទៅ​ដាក់​ចូលក្នុង​ទូសម្រាប់​ដាក់​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ។ បន្ទាប់មក​ ផែនការ​នៃ​ការរៀបចំ​បិត​យ័ន្ត​ក៏បាន​ជោគជ័យ​។

……………………..!!

បន្ទាប់ពី​សិស្ស​គ្រប់រូប​ចាកចេញ​ពីសា​លា​តាម​ពេលកំណត់ ក៏​ឃើញ​នាង​ មន្ត​សុ​និ​រ័ត្ន​ន៍ ​កំពុងតែ​ដើរទៅ​កាន់​តំបន់ហាមឃាត់​ដែល​ជា​បន្ទប់​សិល្បៈ នាង​ដើ​រឡើង​ទៅដល់ ​ក៏​ឃើញ​មាន​ក្រណាត់​ពណ៌ក្រហមចាស់​មួយ​ជាប់នឹង​ទ្វារ ​រួច​នាង​ក៏​ទាញ​យក​មក​មើល លុះ​មើល​រួច​នាង​ក៏​គ្រវែងចោល គ្រាន់តែ​យ័ន្ត​នោះ​ធ្លាក់​ដល់​ដី​ភ្លាម​ ទ្វារ​ក៏បាន​របើក​ដោយឯកឯង រ័ត្ន​ន៍​ នាង​ចាប់ផ្តើម​ចម្លែក​ចិត្ត ​ព្រោះ​សោរ​ទាំងដុល​បែរជា​ជ្រុះ​របូត​បើក​ដោយខ្លួនឯង។

បន្ទាប់មក​ទៀត ​នាង​ក៏​ដើរចូល​ទៅ​ខាងក្នុង​បន្ទប់​នោះ ស្រាប់តែ​វិញ្ញាណ​នាង​ម្លិះ​បាន​បង្ហាញខ្លួន លូកដៃ​ច្របាច់ក​ ប៉ុន្តែ​នាង​បាន​រត់ចេញ​ពី​បន្ទប់​នោះ ​ហើយក៏​ដួល ខ្មោច​នាង​ម្លិះ​នៅតែ​បន្ត​ដើរតាម​នា​ងយឺ​តៗ​ក្នុងទឹក​មុខគួរ​ឱ្យ​ខ្លាច រ័ត្ន​ន៍​នាង​ក៏​រត់​ទៅដល់​ដំបូល​អគារ​ ដោយសារ​ភិតភ័យ​ខ្លាំងពេក​ មិន​ប្រយ័ត្ន​ ក៏​រអិលជើង​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ស្តុ​បទឹ​ករបស់​សាលារៀន​ស្លាប់​បាត់​ទៅ។

លុះ​ព្រឹកស្អែក​ឡើង នៅក្នុង​សាលារៀន​នាំគ្នា​និយាយ​អំពី​ទឹកដែល​ប្រើប្រាស់​ទូទៅ​នៅក្នុង​សាលា ​ព្រមទាំង​ទឹកផឹក​សម្រាប់​សិស្ស ធុំក្លិន​ស្អុយ ព្រមទាំង​មាន​សក់​មក​ជាមួយផងដែរ តែ​ក៏​ទោះបីជា​មាន​បញ្ហា​កើតឡើង​យ៉ាងណាក៏ដោយ ក៏​ពុំ​មាន​នរណា​ចាប់អារម្មណ៍​អំពី​ប្រភព​ទឹក​នោះ​ឡើយ។

រហូតដល់​ថ្ងៃមួយ​នោះ ដោយសារតែ​ទឹក​ប្រើ​លែង​បាន ​ពីព្រោះ​ធុំក្លិន​ស្អុយ​ខ្លាំងពេក ក៏​មាន​មន្ត្រី​ជំនាញ​ផ្នែក​បណ្តាញ​ទឹកឡើង​ទៅ​លើដំបូល​អគារ​ពិនិត្យ​អាងស្តុកទឹក​ ក៏​ស្រាប់តែ​ប្រទះឃើញ​សាកសព​ស្អុយរលួយ​របស់​សិស្ស​ស្រី​ម្នាក់​ដែលគេ​ស្គាល់​ថា​ជា​សព​នាង ​មន្ត​សុ​និ​រ័ត្ន​ន៍។

ស្ថានការណ៍​នៅក្នុង​សាលា​កាន់តែ​ធ្វើ​ឱ្យ​ក្មេង​ៗមានការ​ភ័យខ្លាច​បន្តិច​ម្តង​ៗ។ ការ​ស្លាប់​របស់​សិស្ស​កាន់តែ​កើនឡើង ធ្វើ​ឱ្យ​ក្រុម​នាង ​វត្តី​ កើតក្តី​សង្ស័យ ក៏​នាំគ្នា​លួចចូល​ទៅ​ក្នុង​សាលារៀន​ទាំងយប់។ នៅពេល​យប់ ពួក​គេ​ក៏​នាំគ្នា​ចូល​ទៅ​ក្នុង​បន្ទប់​សិល្បៈ ​ក៏​ស្រាប់តែសំឡេង​ចម្រៀង​ ហើយ​ហេតុការណ៍នៃការស្លាប់​នោះ​បាន​កើតឡើង​សារ​ជាថ្មី ពួក​នាង​ៗទាំង៣ចាប់ផ្តើម​ភ័យ​ ក៏​នាំគ្នា​រត់​ចាកចេញ​ពី​បន្ទប់​នោះ ដោយហេតុ​សំណាង​មិនល្អ នាង​សិតា​ក៏​រត់​ជ្រុល​ធ្លាក់ចុះ​ពីលើ​អគារ​ស្លាប់​បាត់​ទៅ ចំណែក​ពួក​នាង​ទាំង២មិន​ហ៊ាន​រាយការណ៍​ដល់​នរណា​ឡើយ ព្រោះ​ខ្លាច​ជាប់ការ​សង្ស័យ ក៏បាន​យក​សាកសព​នាង​សិតា​ទៅ​ចោល​ក្នុង​ស្រះ​ត្រី​ខាងក្រោយ​សាលា​តែម្តង​ដើម្បី​បំបាត់​ភស្តុតាង។ 

លុះ​ថ្ងៃបន្ទាប់ នាង​ វត្តី​ និង​នាង​ សុ​ថា​វី ​មក​រៀន​ជា​ធម្មតា​ ស្រាប់តែ​ពេល​ដែល​នាង​ សុ​ថា​វី​ កំពុងតែ​អង្គុយ​ធ្វើលំ​ហាត់​នៅក្នុង​ថ្នាក់រៀន​សុ​ខៗ ​ក៏​ស្រែក​ថា “ខ្ញុំ​ខុស​ហើយ” ខ្ញុំ​សមតែ​ស្លាប់ និយាយ​បានតែ​ប៉ុន្មាន​ម៉ាត់​នេះ ​នាង​ក៏​រត់​ទៅ​ដាល់​ក្តារខៀន​កញ្ចក់ នាង​ដាល់​ទាល់តែ​បែក ​ហើយ​រើ​បំណែក​កញ្ចក់​ទាំងនោះ​មក​អារក​ខ្លួនឯង ​ធ្វើ​ឱ្យ​ឈាម​បាញ់​ពេញ​ថ្នាក់។ នាង ​វត្ត​ ឃើញ​ដូច្នេះ ​ក៏​រត់​ទៅ​ជួយ​មិត្ត​ ក៏ប៉ុន្តែ​នា​ងរ​អិលជើង​ក៏​បណ្តាល​ឱ្យ​ដួលផ្កាប់មុខ ​ធ្វើ​ឱ្យ​បំណែក​កញ្ចក់​ចាក់​ខ្ទេច​មុខ​មួយ​ចំហៀង ចំណែក​សិស្ស​ផ្សេង​ៗមិនបាន​នៅ​ជួយ​ឡើយ​ បែរជា​នាំគ្នា​រត់ចេញ​ពី​ថ្នាក់រៀន​អស់ ចំណែក​ឯនាង ​វត្តី​ក្រោក​ឡើង​មក​ មុខ​ពោរពេញ​ដោយ​ឈាម​ ហើយ​ដើរ​ចេញពី​ថ្នាក់​ទាំង​ភាព​ឈឺចាប់ បន្ទាប់មក ​វិញ្ញាណ​នាង​ម្លិះ​បង្ហាញខ្លួន​ធ្វើ​ឱ្យ​នាង ​វត្តី​ ភ័យ​ពេក ​ក៏​លោត​ចុះពី​លើ​អគារ​បុក​នឹង​ស្លាក​ពាក្យស្លោក​ដាច់​ក្បាល​ចេញពី​ខ្លួន​ស្លាប់​បាត់​ទៅ។ 

ដោយសារតែ​ការ​ស្លាប់​របស់​សិស្ស​និង​អ្នក​ពាក់ព័ន្ធ​នៅក្នុង​សាលារៀន​នេះ​ច្រើនពេក លោកនាយក​ក៏បាន​សម្រេចចិត្ត​បិទទ្វារ​ចោល​មួយ​រយៈ។ បើ​និយាយ​ពីសា​លា​មួយ​នោះ​វិញ តែងតែ​ល្បី​តពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា វិញ្ញាណ​ខ្មោច​នៅក្នុង​សាលា​លង​កាច​សាហាវ​ខ្លាំង​ណាស់ ​មិន​លើកលែង​សូម្បីតែ​ពេលថ្ងៃ​៕

តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​សាលារៀន​មួយ​នេះ​បើក​ដំណើរ​ឡើងវិញ​?

 by thmey share

Post a Comment

0 Comments