តាមពិតទៅ
ភាពស្ងៀមស្ងាត់មិនមែនមានន័យថាគ្មានសកម្មភាពនោះឡើយ
ប៉ុន្តែវាគឺជាសកម្មភាពដ៏អស្ចារ្យក្នុងកាលៈទេសៈដ៏សមស្របណាមួយ។ ទស្សនវិទូចិន ខុងជឺ
និយាយថា “គ្រប់របស់ទាំងអស់សុទ្ធតែមានសម្រស់របស់វា
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ”។ ដូចនេះ
ភាពស្ងៀមស្ងាត់ក៏មានសម្រស់និងអំណាចរបស់វាដែរ។
មនុស្សជាច្រើនមិនឱ្យតម្លៃលើភាពស្ងៀមស្ងាត់
ហើយបានចាត់ទុកវាថា ជាភាពអសកម្ម ភាពកំសាក ឬជាភាពអន់ខ្សោយមួយ
ប៉ុន្តែនៅក្នុងទស្សនទានជាច្រើនរបស់បុគ្គលជោគជ័យ
បែរជាបង្ហាញពីអំណាចដ៏ខ្លាំងក្លានៃភាពស្ងប់ស្ងាត់ទាំងនោះទៅវិញ។ ទស្សនវិទូក្រិកបុរាណ
ជូរីភីឌីស (Euripides) និយាយថា “ការស្ងៀមស្ងាត់
គឺជាការឆ្លើយតបប្រកបដោយគតិបណ្ឌិតបំផុត”។
ចំណែកម្ចាស់ក្សត្រីអង់គ្លេសដ៏ល្បីល្បាញ អេលីហ្សាប៊ែតទី១ លើកឡើងថា “ខ្ញុំចូលចិត្តសង្កេតនិងបន្តនៅស្ងៀមស្ងាត់”។
តើអ្វីជាអំណាចនៃភាពស្ងៀមស្ងាត់?
ពេលដែលយើងមិនទាន់សកម្មភាពឬដំណោះស្រាយដែលមានប្រសិទ្ធភាពមួយ
ភាពស្ងៀមស្ងាត់នឹងក្លាយជាសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតដោយស្វ័យប្រវត្តិ។
អ្នកមិនអាចប្រថុយធ្វើសកម្មភាពទាំងងងឹតងងុលគ្មានដឹងខុសត្រូវនោះឡើយ។
លទ្ធផលប្រាកដជាមិនដូចអ្វីដែលយើងចង់បានឡើយ។ សកម្មភាពមិនច្បាស់លាស់
នោះលទ្ធផលនឹងមិនច្បាស់លាស់ដូចគ្នាដែរ។
ឆ្លើយតបនឹងសកម្មភាពដែលខុសរួចហើយឬសកម្មភាពដែលមនុស្សគ្រប់គ្នាដឹងរួចហើយ
ភាពស្ងប់ស្ងាត់គឺជាការឆ្លើយតបដ៏អស្ចារ្យមួយ។
មនុស្សឆ្កួតម្នាក់ដែលគ្រប់គ្នាបានស្គាល់បាននឹងកំពុងជេរអ្នក
នោះការស្ងៀមស្ងាត់គឺជាការឆ្លើយតបដ៏ត្រឹមត្រូវបំផុតមួយដែរ។
ចំណែកការឆ្លើយតបជាមួយរឿងរ៉ាវដែលមនុស្សគ្រប់គ្នាដឹងរួចហើយ
នោះការឆ្លើយតបនឹងបង្ហាញពីភាពអន់មួយ
ដែលផ្ទុយពីភាពស្ងៀមស្ងាត់ដែលអាចនឹងក្លាយជាចំណុចខ្លាំងវិញ។
ពេលដែលយើងកំពុងស្ថិតក្នុងភាពមិនអាចគ្រប់គ្រងខ្លួនឯង
(Out of Control) ការនៅស្ងៀមជាការល្អប្រសើរបំផុត។
មនុស្សជាច្រើនបង្កើតកំហុសឬខុសឆ្គងនៅពេលដែលអារម្មណ៍របស់ពួកគេខ្លាំងជាងបញ្ញារបស់ខ្លួនឯង
ដែលធ្វើឱ្យគេត្រូវធ្វើសកម្មភាពមួយដែលខ្វះការពិចារណាបានត្រឹមត្រូវ។
គេនឹងបញ្ចេញសកម្មភាពមួយទាំងកំហឹង ការច្រណែន ការរំភើបជ្រុល
និងអារម្មណ៍ព្រៃជាច្រើនទៀត ជាដើម។
ការចេះជ្រើសរើសភាពស្ងៀមស្ងាត់បន្តិចក្នុងកាលៈទេសៈនេះ រហូតដល់ការវិលមករកភាពប្រក្រតីវិញ
ក៏ជាវិធីសាស្រ្តដ៏ប្រសើរបំផុតមួយដែរ។
នៅស្ងៀមក៏ជាវិធីនៃការបិទបាំងសត្រូវ។
ក្នុងសុភាសិតសង្គ្រាម “ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់
ច្បាំងមួយរយដងឈ្នះមួយរយដង”
ដូចនេះការនៅស្ងៀមស្ងាត់នឹងបង្កការលំបាកដល់សត្រូវស្គាល់ពីស្ថានភាពរបស់អ្នក។
វាគឺជាយុទ្ធសាស្រ្តបិទបាំងដ៏អស្ចារ្យមួយដែរ។ អ្នកមិនបញ្ចេញអ្វីសោះ
សត្រូវពិតជាពិបាកដឹងថាអ្នកកំពុងធ្វើអ្វី កំពុងគិតពីយុទ្ធសាស្រ្តអ្វី
ហើយមិនដឹងថាអ្នកខ្លាំងប៉ុណ្ណាឬខ្សោយប៉ុណ្ណានោះទេ។
សរុបមក
គ្រប់យ៉ាងសុទ្ធតែមានសម្រស់ ហើយភាពស្ងៀមស្ងាត់ក៏មានសម្រស់របស់វាដែរ។
ការចេះប្រើប្រាស់ភាពស្ងៀមស្ងាត់ត្រឹមត្រូវតាមកាលៈទេសៈមួយ គឺជារឿងអស្ចារ្យបំផុត
ប៉ុន្តែមិនមែនត្រូវប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងនោះទេ៕
———
by thmey share
0 Comments