ជីវិតគឺជាអ្វី?

ជីវិត គឺជាការបង្ហាញនូវកម្លាំងឋាមពលរបស់យើង ប្រឈមនឹងសម្ពាធសំខាន់ៗ បីយ៉ាង គឺ ៖

ក- សម្ពាធផ្លូវកាយ

គឺជាការកៀបជម្រុញរូបយើង អោយប្រឈមនឹងទំនាញផែនដី ដើម្បីរស់។ ទំនាញផែនដី គឺជាការទាញរូបកាយយើង អោយដេកសម្រួលខ្លួនតាមទំនាញនោះ ហើយយើងនឹងគិតថា ស្រួលខ្លួនណាស់ ពេលបិទភ្នែក ដោយមិនបាច់ប្រើកម្លាំងកម្រើកធ្វើអ្វីទាំងអស់។ ប៉ុន្តែ បើសិនយើងបណ្តោយតាមទំនាញនេះ ដោយមិនខំប្រឹងងើបប្រឆាំងខ្លះទេ យើងនឹងស្លាប់ទៅវិញ ហើយជីវិតរបស់យើង ក្លាយជារបស់សូន្យអាសារ។ ដូច្នេះ ដើម្បីប្រឆាំងនឹងទំនាញនេះ យើងម្នាក់ៗប្រឹងធ្វើច្រើនយ៉ាង ដើម្បីអោយជីវិតមានកំណើនដំណើរ បន្តទៅមុខទៀត ឧទាហរណ៍ មានដូចជា នៅក្នុងការសង្កេតខ្លះៗ ខាងក្រោមនេះ ៖

១. គេនិយមជម្រុញកម្លាំងចិត្តមនុស្ស អោយមនុស្សប្រឹងញញឹមជាប់ជានិច្ច ព្រោះថា ទំនាញផែនដី នឹងទាញសាច់មុខ សាច់ថ្ពាល់អោយធ្លាក់ចុះ ធ្វើអោយបបូរមាត់ធ្លាក់គែម ក្លាយទៅជា មុខពេបសោកសៅ បាត់បង់នូវសោភ័ណភាពបំព្រងរលីង។ អ្នកដែលប្រឆាំងនឹងទំនាញផែនដី នឹងមានជីវិត ប្រកបដោយសោភ័ណភាព។ អ្នកដែលទទួលទំនាញហើយខ្ជិល ឬ ខ្លាចមិនហ៊ានប្រឈម នឹងបាត់បង់សោភ័ណភាព ទៅតាមកម្រិតនោះដែរ។

២. ចំពោះស្ត្រីដែលចូលចិត្តប្រើម្សៅលាបមុខ គេច្រើនបង្រៀនអោយលាបម្សៅ ដោយយកដៃលុញផាត់ម្សៅ លើផ្ទៃមុខ ពីក្រោមទៅលើ ដើម្បីបំបាត់ភាពជ្រីជ្រួញ។ ដំណើរនេះ បង្ហាញនូវ ការប្រឆាំងនឹងទំនាញផែនដី ដែលទាញស្បែកមុខ ប្រចាំថ្ងៃ អោយយារធ្លាក់ចុះក្រោម ចេញភាពជ្រីវជ្រួញ។

៣- ពេលដឹងខ្លួនក្នុងដំណេក យើងរមែងជំនះទំនាញផែនដី ដោយការប្រែខ្លួន បើមិនដូច្នេះទេ យើងនឹងមានការស្ពឹកស្រពន់ ធ្វើអោយកាយយើង បាត់ផាសុកភាព។ ហើយនៅពេលយើងគេងយូរជ្រុល យើងនឹងអស់កម្លាំង ដោយសារទំនាញផែនដីទាញស្រូបខ្លាំងពេក ដូច្នេះ យើងត្រូវតែងើបក្រោកឈរ ដើម្បីផ្លាស់ប្តូរចលនា ដកដង្ហើម អោយរូបកាយយើងកើនកម្លាំងមកវិញ។ នៅពេលឈរហើយ នៅនឹងមួយកន្លែង យើងនឹងទទួលការស្ពឹកស្រពន់បាតជើង ដូច្នេះ ខ្លួនយើង ត្រូវបង្កចលនា ហាត់ប្រាណ ឬ ធ្វើការធ្វើងារផ្សេងៗ ដើម្បីបន្លប់កម្លាំងទំនាញផែនដី កុំអោយយើងដួលដេកវិញបានងាយៗ។

៤- មិនថា យើងខំប្រឹងឡើងខ្ពស់អោយឆ្ងាយពីផែនដីយ៉ាងណា ក៏ផែនដី ប្រើទំនាញ ទាញយើងអោយធ្លាក់ចុះក្រោមជានិច្ច ដូច្នេះហើយ យើងត្រូវមានបង្កើត គម្រោង បណ្តាញ និង ក្រឡាប្រយ័ត្នប្រយែង មិនអោយខ្លួនយើង ដួលធ្លាក់ ចុះក្រោម បាក់ដៃបាក់ជើង ឬ ក៏ស្លាប់។ ទំនាញផែនដី បានជម្រុញយើង អោយរៀនប្រើគំនិត ចេះគន់គិតគ្រោង ដើម្បីការពារខ្លួន មិនអោយទំនាញផែនដី ជម្រុញអោយយើង ធ្លាក់ខ្លួនស្លាប់តាមទំនាញ ងាយៗនោះឡើយ។

៥- ដោយសារការប្រឈមនឹងទំនាញផែនដី ត្រូវការកម្លាំងកាយច្រើន ដូច្នេះ មនុស្សម្នាក់ៗ ត្រូវការ ការបំប៉នអាហារចំណីរ ធ្វើការងារមានចលនា មានការគ្រប់គ្រងជីវិត និង ការសម្រាកសម្រួល ដោយបែបបទផ្សេងៗ ដើម្បីជួយអោយជីវិត កើនផាសុកភាព និង សោភ័ណភាព។ អ្នកដែលខ្ចះ ការបំប៉នអាហារ ខ្វះកាយចលនា ខ្វះការគ្រប់គ្រង និង ការសម្រាកសម្រួល ក្នុងបែបបទល្អប្រពៃ នឹងស្រកផាសុកភាព និង សោភ័ណភាពជីវិត ជានិច្ច។ នៅពេលនោះ ទំនាញផែនដី នឹងយកជ័យលើរូបគេបានដោយងាយ។ ដោយសារភាពត្រូវការផ្នែកនេះ ទើបមនុស្ស ត្រូវតែចេញរក អាហារបំប៉នជីវិត ដោយការធ្វើការងារ ធ្វើស្រែចំការដាំដុះ ចិញ្ចឹមសត្វ បង្កើតវិធីធ្វើអាហារ និង ការបង្កើនរបៀបរក្សាសុខភាព អោយមានកម្លាំងជាប់ជានិច្ច។

ខ- សម្ពាធផ្លូវចិត្ត

គឺជាការកៀបជម្រុញយើង អោយប្រើកម្លាំងទឹកចិត្ត និង បញ្ញា ដើម្បីប្រឈមនឹងសម្ពាធសង្គម ជុំវិញខ្លួន រួមទាំងក្រុមគ្រួសារ ញាតិមិត្ត និង សង្គមមនុស្សទូទៅ ដើម្បីរស់។

១- សម្ពាធគ្រួសារ ៖ សមាជិកក្រុមគ្រួសារ រមែង ផ្តល់សម្ពាធផ្លូវចិត្ត មកដល់យើងជានិច្ច ពីឳពុកម្តាយជីដូនជីតា បងប្អូននឹងសាច់ញាតិ។ ជួនកាល យើងមិនអាចធ្វើអ្វី តាមចិត្តយើងចង់បានឡើយ ដោយសារតែ កម្លាំងសម្ពាធពីក្រុមគ្រួសារ មានកម្លាំងខ្លាំងពេក។ ហើយកម្លាំងទំនាញនេះ មានអនុភាព ទៅវិជ្ជមានផង អវិជ្ជមានផង យោងទៅតាម ដំណើរជីវិត និង បញ្ញារបស់គេ។ ម្នាក់ៗ។ បើសិនជាខ្លួនយើង ម្នាក់ៗបណ្តោយខ្លួន យោងទៅតាមសម្ពាធគ្រួសារទាំងស្រុង នោះយើង នឹងបាត់បង់ ផាសុកភាពផ្លូវចិត្តសម្រាប់ខ្លួនយើងផ្ទាល់។ ដូច្នេះ មនុស្សម្នាក់ៗ ត្រូវស្វែងរក ការបង្កើនកម្លាំងចិត្ត ដើម្បីខ្លួនឯង នៅក្នុងពេលប្រឈមមុខចំពោះសម្ពាធគ្រួសារ មានដូចជា ភារៈទទួលខុសត្រូវប្រចាំថ្ងៃ និងការទទួលគ្រប់គ្រង អោយគ្រួសារបានសេចក្តីសុខគ្រប់គ្រាន់។

២- សម្ពាធសង្គម ៖ សង្គមរមែងផ្តល់សម្ពាធជាប្រចាំ ដល់ជីវិតយើង រៀងរាល់ថ្ងៃ មិនថា ការស៊ីចុក ស្លៀកពាក់ ច្រៀងរាំ ធ្វើការងារ ឬ សូម្បីតែការប្រស្រ័យរវាងគ្នានិងគ្នា។ សង្គមរមែងមានកម្លាំង ទាញរូបយើង អោយទៅតាមគេជាប់ជានិច្ច។ អ្នកដែលមានកម្លាំងចិត្ត និង កម្លាំងបញ្ញាខ្សោយ នឹងត្រូវសង្គមទាញយកបានទៅតាមគេ បានយ៉ាងងាយស្រួល។ បើខ្លាចមិនហ៊ានរើបម្រះ នោះយើងនឹងក្លាយជា ជនដែលចាញ់ទំនាញ។ បើទំនាញទៅល្អ យើងអាចក្លាយជាជនប្រសើរ ប៉ុន្តែ បើទំនាញមិនសូវល្អវិញ យើងអាចក្លាយជាជនឧក្រិដ្ឋ ឬ ជាជនអាសារបង់។ ដូច្នេះ ទំនាញនេះ ជាកត្តា ធ្វើអោយមនុស្ស ចេះប្រើកម្លាំងបញ្ញា ផ្លាស់ប្តូរផ្លូវចិត្តរបស់ខ្លួន អោយរឺងមាំ ដើម្បីស្វែងរកជោគជ័យ និង ផាសុកភាពផ្លូវចិត្ត សម្រាប់ខ្លួនឯង ដើម្បីរស់នៅសុខសប្បាយ។

អ្នកដែលបាត់បង់កម្លាំងចិត្ត សម្រាប់ប្រឈមមុខនឹងសម្ពាធគ្រួសារ ឬសង្គម រមែងទទួលបរាជ័យ ជួនកាលរហូតដល់ហ៊ានស្ម័គ្រចិត្តស្លាប់ទៅវិញ ព្រោះខ្វះសេចក្តីក្លាហាន ឬ ខ្វះកម្លាំងចិត្តជម្រុញខ្លួនគេ អោយងើបឈរប្រឈមនឹងកម្លាំងសម្ពាធ ទាំងនេះ។ អ្នកដែលតស៊ូប្តូរផ្តាច់ មិនរាថយ ហើយប្រឹងស្វែងរកមធ្យោបាយ សព្វបែបយ៉ាង ដើម្បីបណ្តុះបញ្ញា និង កម្លាំងចិត្ត រមែងទទួលជ័យជំនះ លើសម្ពាធទាំងពីរយ៉ាងនេះ។

គ. សម្ពាធអត្ត​ទត្ថ​ភាព

គឺជាគំនៀប ដែលទាញខ្លួនយើង អោយធ្លាក់ចុះ ឬ លូតលាស់ឡើង ទៅតាមទំនោរចិត្ត ទំនោរអារម្មណ៍ ឬ ចំណង់ផ្សេងៗ របស់ខ្លួនយើងផ្ទាល់ ដើម្បីស្វែងរកប្រយោជន៍ដល់ខ្លួនឯង។ ទំនាញនេះ អាចជួយអោយយើង ក្លាយជាមនុស្សល្អប្រពៃក៏មាន អាចក្លាយជាមនុស្សឧក្រិដ្ឋក៏មានដូចគ្នា។ បើសិនណា ទំនោរទំនាញ នៃចំណង់ចំណូលចិត្តរបស់យើង មានច្រើនជ្រុលទៅក្នុងផ្លូវណាមួយខ្លាំងពេក នោះយើងក៏នឹងលង់ទៅក្នុងសម្ពាធនេះ រហូតដល់បាត់បង់ ជីវិតមង្គលរបស់យើងអស់រលីងក៏មាន បើសិនរូបយើង មិនប្រឆាំងប្រឈម នឹងទំនាញអារម្មណ៍នេះ។ ឧទាហរណ៍ដូចជា ៖

១- ក្រុងរាពណ៍ រលាយអស់នូវនគរយក្សរបស់ខ្លួនទាំងមូល ដោយសារ ទំនោរទំនាញចិត្ត លើនាងសិតា ចង់ច្បាំងយកឈ្នះចាញ់ជាមួយនឹង រាម ដោយមិនចាំបាច់គិតត្រូវខុស។
២- វេស្សន្តរ លង់ក្នុង ទំនោរទំនាញអារម្មណ៍ពុុះកញ្ជ្រោល ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺការរំដោះខ្លួនចេញពីទ្រព្យ តែបែរជា ខ្វះការអត់ធ្មត់ បាត់សមាធិ បាត់បង់បញ្ញា និង ការពិចារណាខុសត្រូវ រហូតដល់ចង់យាយីជីវិតតាជូជក ដែលជាហេតុធ្វើអោយ ធ្វើអោយជីវិតរបស់ខ្លួន បាត់បង់មង្គល រហូតដល់មិនអាចឈានទៅដល់ការត្រាស់ដឹងបាន នៅក្នុងជាតិរបស់ខ្លួន។

ដូច្នេះ ការបណ្តោយអោយខ្លួនយើង លង់ទៅតាមតាមទំនោរទំនាញចិត្ត ឬ អារម្មណ៍ ខ្លាំងពេក នឹងអាចនាំអោយយើង បាត់បង់ ផាសុខភាពជីវិត ដោយងាយដែរ​។ ដើម្បីយកជ័យជំនះ លើ សម្ពាធអត្ត​ទត្ថ​ភាពនេះបាន មានតែខ្លួនយើង ម្នាក់យើងទេ ដែលមានអំណាចគ្រប់គ្រាន់នឹងបង្រ្កាប ក្នុងការរកមធ្យោបាយ រំសាយបន្សាប អនុភាពនិងឥទ្ធិពល ទំនោរទំនាញសម្ពាធអារម្មណ៍និងផ្លូវចិត្តនេះ ទៅលើជីវិតរបស់យើង។

ខាងលើនេះ គ្រាន់តែជាឧទាហរណ៍តូចៗ សម្រាប់យកទៅពិចារណាលេងៗ គ្ សម្រាប់ជួយបំបែកបញ្ញា ស្វែងរកមធ្យោបាយ ជួយខ្លួនយើង គ្រប់គ្នា អោយមានកើនកម្លាំង ដើម្បី ប្រឈមមុខ និឹងទំនាញទាំងឡាយនេះ កុំអោយខ្លួនយើង ក្លាយជាអ្នកចាញ់ រូចបាត់បង់ឱកាស បង្កជីវិតរស់នៅ ប្រកបដោយផាសុកភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និង ផ្លូវបញ្ញា។វ

ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ THMEY SHARES


Post a Comment

0 Comments