ការវិភាគ (Analysis) មានន័យថា
ជាការបែងចែកបំបែកធាតុផ្សំនៃវត្ថុមួយ ឲ្យចេញជាផ្នែកៗ
ដើម្បីសិក្សាស្វែងរកថាធ្វើមកពីអ្វីមានធាតុផ្សំអ្វី
កើតឡើងមកបានយ៉ាងដូចម្តេចនិងជាប់ទាក់ទងបានយ៉ាងដូចម្តេច។ “Analysis” (ការវិភាគ) ជាពាក្យដើមមកពីភាសាក្រិកគឺ “Analuein”។
ពាក្យនេះមានន័យថា “បន្លាយ” ឬ “បំបែកចេញជាធាតុផ្សំផ្សេងៗ”។ នៅពេលយើងយកពាក្យថា
“ការវិភាគ” មកផ្សំគ្នាជាមួយនឹង “ការគិត” នោះនឹងបានពាក្យថា “ការគិតវិភាគ”។
ដូចនេះមានអ្នកឯកទេស និងចិត្តវិទូជាច្រើនបានឲ្យនិយមន័យទៅលើពាក្យនេះខុសៗគ្នា
ហើយខ្ញុំបានរួបរួមមកមានដូចខាងក្រោម៖
ភិនស្រ៊ី ច័ន្ទដួង (2002) ថា ការគិតវិភាគ
ជាវិធីគិតបំបែកធាតុផ្សំ ឬលក្ខណៈវត្ថុផ្សេងៗ រឿងរ៉ាវ ឬហេតុការណ៍។
ការគិតនៅកម្រិតនេះត្រូវពឹងផ្នែកលើពុទ្ធិពាក់ព័ន្ធនឹងតថភាព ឬទិន្នន័យផ្នែកទ្រឹស្តី
មកជាឧបករណ៍ក្នុងការវិភាគ។ ហេតុនេះទើបយើងអាចបកស្រាយថារឿងរ៉ាវ ឬហេតុការណ៍ផ្សេងៗ
ទាំងនោះស្ថិតក្នុងស្ថានភាពណាហើយអាចប្រាប់បានថាមានទំនោរទៅក្នុងផ្លូវណា។
ក្រៀងសាក់ ចារើនវង្សសាក់ (2003) លើកឡើងថាការគិតវិភាគ
គឺការបំបែកធាតុផ្សំនៃវត្ថុណាមួយ ចេញជាចំណែកៗ ដើម្បីស្វែងរកថា
តើធ្វើមកពីអ្វីមានធាតុផ្សំអ្វីខ្លះកើតឡើងមកបានយ៉ាងដូចម្តេច
និងជាប់ទាក់ទងគ្នាយ៉ាងណា។ ក្រោយពីនេះនៅមានលើកឡើងនូវយោបល់ពាក់ព័ន្ធនឹងអត្ថន័យ
នៃការគិតវិភាគជាច្រើននិយមន័យទៀតដូចជា៖
1. ការគិតវិភាគ
សំដៅការគិតដើម្បីរកហេតុផលនិងរកផលនៃវត្ថុដែលនៅមិនទាន់ប្រាកដជាក់លាក់ជាបញ្ហានិងជាចំណុចគួរឲ្យសង្ស័យ។
លំនាំការគិតវិភាគ បានរួមផ្សំការគិតបែបផ្សេងៗរួមគ្នាដូចជាការគិតបែបវិនិច្ឆ័យ
ជាការគិតដែលមានរបៀបរបប និងមានដំណាក់កាលដែលនិងជួយឲ្យការស្វែងរកទិន្នន័យរួមនឹងការវិនិច្ឆ័យ
ហើយនាំមកវិភាគជាបន្ត។
2. ការគិតវិភាគ
ប្រៀបដូចជាការឃើញលទ្ធផលនៃវត្ថុមួយចំនួន តែមិនទាន់សន្និដ្ឋានភ្លាមៗថា
កើតពីមូលហេតុអ្វី មានធាតុផ្សំណាមានប្រភពយ៉ាងដូចម្តេច។
ប៉ុន្តែត្រូវព្យាយាមរកការពិតដែលត្រឹមត្រូវជាមុនសិនថា
លទ្ធផលលេចដែលយើងឃើញនោះកើតពីមូលហេតុពិតគឺអ្វី។ ដោយមកពីសម្មតិកម្មដែលថាគ្រប់យ៉ាងដែលកើតឡើងមកនោះតែងមានដើម
មានហេតុមានផលនិងមានធាតុផ្សំតូចៗបង្កប់នៅខាងក្នុង ដែលអាចស៊ីចង្វាក់
ឬត្រូវគ្នានឹងអ្វីដែលស្តែងនៅខាងក្នុង។ ដូច្នេះការចង់យល់ពីស្ថានភាពពិត
គឺចាំបាច់ត្រូវតែមានការវិភាគ
ដើម្បីឆ្លើយតបសំណួរដែលថារបស់នេះជាអ្វីព្រោះហេតុអ្វីទើបបានជាដូច្នេះ មុននឹងសរុបសេចក្តីមួយចំនួនដែលពាក់ព័ន្ធនឹងរឿងនោះ។
3. ការគិតវិភាគ
សំដៅទៅដល់ការបំបែកធាតុផ្សំផ្សេងៗនៃវត្ថុណាមួយ ឬរឿងណាមួយ
ហើយរកសម្ពន្ធភាពលើហេតុផលរវាងធាតុផ្សំទាំងនោះដែលកើតឡើង។
4. ការគិតវិភាគ
ជាការគិតដែលនាំទៅដល់ការសម្រេចចិត្ត
ហើយការស្ទង់មើលរឿងណាក៏ដោយចាំបាច់ត្រូវមានការគិតវិភាគចូលមកជួយ។
ការគិតវិភាគគ្របដណ្តប់គ្រប់រឿងដែលចូលមកប្រសព្វជីវិតប្រចាំថ្ងៃ។
មុននឹងសម្រេចចិត្តចំពោះរឿងណាមួយយើងចាំបាច់ត្រូវយល់ពីរឿងនោះ និងត្រូវដឹងពីដើមហេតុ
និងដឹងពីផលល្អផលអាក្រក់ជានិច្ច។
បញ្ហាទាំងនេះតែងជួយយើងឲ្យសម្រេចចិត្តបានកាន់តែត្រឹមត្រូវនិងសមស្រប។
ការគិតវិភាគចំពោះរឿងនីមួយៗ គឺខុសប្លែកពីគ្នាអាស្រ័យទៅតាមគោលបំណងនៃរឿងដែលវិភាគ។
លំដាប់ថ្នាក់ការគិតវិភាគមានភាពខុសប្លែកគ្នាក្នុងលក្ខណៈលម្អិតទៅតាមគោលការណ៍ការវិភាគ
ហើយមានរបស់ដែលដូចគ្នានោះ គឺការបំបែកទិន្នន័យនោះចេញជាចំណែកៗ
និងការរកសម្ពន្ធភាពផ្នែកហេតុផលឲ្យដល់បញ្ហាដែលកើតឡើង។
ឌឺវេយ៍ (Dewy. 1933) បានផ្តល់និយមន័យនៃការគិតវិភាគថា
ជាការសំដៅទៅដល់ការគិត ប្រកបដោយការពិចារណាត្រិះរិះ។
គាត់បានរៀបរាប់បីព្រំដែននៃការគិតវិភាគថា
ជាការគិតដែលផ្តើមពីស្ថានការណ៍ដែលមានភាពលំបាកហើយបាត់បង់ទៅវិញដោយស្ថានការណ៍ដែលមានភាពជាក់ច្បាស់។
ប្លូម (Bloom.
1956) បានផ្តល់និយមន័យការគិតវិភាគថា ជាសមត្ថភាពក្នុងការបំបែក
ដើម្បីរកចំនែកតូចៗនៃហេតុការណ៍ រឿងរ៉ាវ ឬខ្លឹមសារផ្សេងៗថា រួមទៅដោយអ្វី
មានភាពសំខាន់យ៉ាងដូចម្តេច អ្វីជាហេតុ អ្វីជាផលហើយដែលក្លាយជាបែបនេះ
គឺអាស្រ័យទៅលើគោលការណ៍អ្វី។
រ៉ូសសែល (Russel. 1956) បានផ្តល់និយមន័យនៃការគិតវិភាគថា
ជាការគិតដើម្បីដោះស្រាយបញ្ហាមួយប្រភេទ
ដោយអ្នកគិតត្រូវប្រើការពិចារណាសម្រេចចិត្តចំពោះរឿងរ៉ាវផ្សេងៗថា យល់ស្រប
ឬមិនយល់ស្រប។ ហេតុនេះទើបការគិតវិភាគ ជាលំនាំវាស់ស្ទង់ ឬការចាត់ក្រុម
ដោយអាស្រ័យលើលក្ខខណ្ឌដែលធ្លាប់ទទួលស្គាល់រួមគ្នាមកតាំងពីមុន
រួចហើយសរុបឬពិចារណាសម្រេចចិត្ត។
ហ្គូត (Good.
1956) បានផ្តល់និយមន័យការគិតវិភាគថា
ជាការគិតយ៉ាងហ្មត់ចត់ទៅតាមគោលការណ៍នៃការវាយតម្លៃនិងមានមូលដ្ឋានអំណះអំណាង
ដើម្បីរកសេចក្តីសន្និដ្ឋានដែលអាចទៅរួចរហូតទៅដល់ការពិចារណាពីធាតុផ្សំដែលពាក់ព័ន្ធទាំងអស់
ហើយប្រើវិធីសាស្រ្តតក្កវិជ្ជាបានយ៉ាងត្រឹមត្រូវនិងសមហេតុសមផល។
ហានណា និង ម៉ៃឃើលីស (Hannah and Michaelis. 1977) ផ្តល់និយមន័យនៃការគិតវិភាគថា
ជាសមត្ថភាពក្នុងការបំបែកផ្នែកតូចៗនៃវត្ថុនានា ដើម្បីមើលនូវភាពសំខាន់ សម្ពន្ធភាព
និងគោលការណ៍នៃភាពអាចទៅរួច។
ផ្តើមចេញពីអ្វីបានលើកឡើងខាងលើ
យើងអាចសរុបនិយមន័យនៃការគិតវិភាគបានថា ជាសមត្ថភាពបំបែកផ្នែកតូចៗនៃហេតុការណ៍ រឿងរ៉ាវ
ឬខ្លឹមសារផ្សេងៗថា រួមផ្សំដោយអ្វី មានគោលដៅ និងគោលបំណងបែបណា
ហើយផ្នែកតូចៗដែលសំខាន់នោះហេតុការណ៍នីមួយៗពាក់ព័ន្ធគ្នាយ៉ាងដូចម្តេចខ្លះ
ព្រមទាំងពាក់ព័ន្ធគ្នាដោយអាស្រ័យលើគោលការណ៍ណា។
លំនាំនេះគឺដើម្បីឲ្យមានភាពជាក់ច្បាស់និងភាពយល់ច្បាស់
រហូតអាចនាំទៅដល់ការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ និងសមស្រប។
ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ THMEY SHARES
0 Comments