រឿង ព្រះចក្ខុបាលត្ថេរ
ព្រះបរមសាស្ដា ទ្រង់ទេសនាប្រារព្ធព្រះថេរៈឈ្មោះចក្ខុបាល។ កាលពីព្រះថេរៈអង្គនេះលោកនៅជាគ្រហស្ថមិនទាន់បានចូលមកបួសនោះ លោកបានទៅស្ដាប់ព្រះធម៌ទេសនារបស់ព្រះពុទ្ធជាម្ចាស់ ហើយកើតសេចក្ដីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់អោយដល់ប្អូនប្រុសរបស់ខ្លួន ស្រេចហើយ ទើបសុំលាប្អូនទៅបួសក្នុងសំណាក់ នៃព្រះសាស្ដាលុះបួសបាន៥ព្រះវស្សាហើយ លោកក៏បានចូលទៅក្រាបថ្វាយបង្គំសុំរៀនព្រះកម្មដ្ឋាន នឹងព្រះសម្មាសម្ពុទ្ធ, បន្ទាប់មក ក៏បានថ្វាយបង្គំលាព្រះអង្គទៅបំពេញសមណធម៌ នៅក្នុងទីដ៏ស្ងាត់មួយកន្លែង ព្រមជាមួយព្រះភិក្ខុសង្ឃជាបរិវារប្រមាណ៦០អង្គ។ ព្រះថេរៈលោកមានសេក្ដីព្យាយាមយ៉ាងខ្លាំងក្លាបំផុត ក្នុងការបដិបត្តិធម៌ លោកបានតាំងចិត្តសច្ចាតិធិដ្ឋានថា" អត្មាអញនឹងមិនសឹងរហូត៣ខែ នៅក្មុងរដូវភ្លៀងនេះ"។
ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បាន កើតឡើងដល់ព្រះថេរៈ។ គ្រូពេទ្យបានមកជួយព្យាបាលរក្សារោគ ប្រគេនព្រះថេរៈ ហើយបានអារាធនានិមន្ដ អោយព្រះថេរៈសឹងបន្តក់ថ្នាំចូលតាមភ្នែក។ តែព្រះថេរៈលោកមិនព្រមសឹងបន្តក់ថ្នាំតាមគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត៣ខែ។ អាស្រ័យហេតុនេះហើយ រោគភ្នែកនោះក៏រឹងរិតទែកំរើក រកាំឈឺផ្សា ជាខ្លាំងឡើងៗ រាល់ៗថ្ងៃ។ មិនយូរប៉ុន្មាន ភ្នែកទាំងសង្ខាងរបស់ព្រះថេរៈ ក៏បានបែកធ្លាយខ្វាក់ងងឹត មើលអ្វីលែងឃើញទាំងអស់ ព្រមជាមួយនឹងការបានសម្រេចជាព្រអរហន្តសុក្ខវិបស្សកៈ។
លុះដល់ថ្ងៃបវារណាចេញព្រះវស្សាហើយ ព្រះថេរៈបានចម្រើនពរលាពួកញាតិញោម ឧបាសកបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្ដា ដែលព្រះអ្គងប្រថាប់គង់នៅ ក្នុងវត្តព្រះជេតពន មហាវិហារ ទៀបក្រុងសាវត្ថី។
នៅក្នុងរាត្រីនៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងឈប់ធ្លាក់ហើយ ព្រះថេរៈបានដើរចង្រ្កមទៅមកៗជាន់សត្វមេភ្លៀងស្លាប់អស់ជាច្រើន ព្រោះលោកមើលមិនឃើញ
និងមិនមានចេតនាសម្លាប់សត្វទាំងអស់នោះដែរ។
ស្អែកឡើងពេលព្រឹក ស្រាប់តែមានព្រះភិក្ខុអាគន្តុកៈ ជាច្រើនអង្គ បានចូលទៅមើលកន្លែងព្រះចក្ខុបាលថេរ ហើយឃើញមេភ្លៀងស្លាប់ជាច្រើន នៅក្នុងទីចង្រ្កមរបស់ព្រះថេរៈបានត្មះតិះដៀលព្រះថេរៈ ដោយប្រការផ្សេងៗ ហើយបាននាំយករឿងនោះទៅទូលដល់ព្រះសាស្ដា។
ព្រះសាស្ដាទ្រង់ត្រាស់នឹងភិក្ខុទាំងនោះថា " ម្នាលភិក្ខុទាំងឡាយ! មរណចេតនា គឺចេតនាគិតនឹងសម្លាប់មិនមានឡើយ ចំពោះព្រះថេរៈដែលជាព្រះអរហន្តខីណាស្រព " ។
ភិក្ខុទអាគន្តុកៈទាំងនោះ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ " បពិត្រព្រះអង្គដ៏ចម្រើន! ព្រះចក្ខុបាលត្ថេរ ជាព្រះអរហន្ដខីណាស្រព ចុះហេតុអ្វីបានជាខ្វាក់ភ្នែក?"
ព្រះសាស្ដាទ្រង់ត្រាស់សម្ដែងអតីតនិទានថា " កាលពីអតីតព្រះថេរៈ លោកធ្លាប់ធ្វើជាគ្រូពេទ្យ មើលជម្ងឺភ្នែក
សម័យថ្ងៃមួយលោកគ្រូពេទ្យនោះ បានទៅព្យាបាលជម្ងឺភ្នែកអោយស្រ្តីម្នាក់ នៅតាមជនបទ។ ស្រីនោះបានសន្យាជាមួយគ្រូពេទ្យថា " បើលោកគ្រូអាច រក្សាព្យាបាលជម្ងឺភ្នែកនាងខ្ញុំអោយបានជាភ្លឺ ដូចពីដើមវិញនោះ នាងខ្ញុំព្រមទាំងកូនប្រុសស្រី នឹងព្រមធ្វើទាសីចាំបម្រើលោកគ្រូ"។
លុះគ្រូពេទ្យរក្សាភ្នែកនាងជាដូចដើមហើយ នាងបែរជានិយាយកុហកលោកគ្រូពេទ្យថា "លោកគ្រូភ្នែករបស់នាងខ្ញុំឥឡូវនេះ មិនបានជាទេ វារឹតតែឈឺលើស ជាងពីដើមទៅទៀត" ព្រោះនាងមិនចង់ទៅបំរើគ្រូពេទ្យនោះឯង។
ចំណែកឯលោកគ្រូពេទ្យ បានឮស្រីនោះនិយាយកុហកដូច្នេះហើយ មានចិត្តក្រោធខឹងខ្លាំងណាស់ បានយកថ្នាំពិសមកអោយនាងលាប ធ្វើអោយភ្នែករបស់នាងខ្វាក់ទាំងសង្ខាងមើលអ្វីលែងឃើញទាំងអស់។ ព្រោះបាបកម្មដែលព្រះថេរៈបានធ្វើអោយស្រីនោះខ្វាក់ភ្នែកនេះឯង បានជាព្រះថេរៈត្រូវមកទទួលនូវបាបកម្មនោះវិញគឺ ត្រូវខ្វាក់ភ្នែកនៅក្នុងជាតិនេះ " នៅក្នុងទីបញ្ចប់នៃអតីតនិទាន ព្រះអង្គត្រាស់ព្រះគាថានេះថា ៖
" មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមាយា,
មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា ,
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ" ។
" ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត
សម្រេចមកពីចិត្ត បើបុគ្គលមានចត្តិត្រូវទោសៈ ប្រទូសរ៉ាយហើយ ទោះបីនិយាយក្ដី ធ្វើក្ដី ( ក៏អាក្រក់ដែរ),
ព្រោះអំពើអាក្រក់នោះឯងហើយ សេចក្ដីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមស្នាមជើងគោដែលអូសនឹមរទេះ យ៉ាងដូច្នោះឯង" ។
(គាថាធម្មបទប្រែ)មិនទេរងាដែរទេ
0 Comments