មូលហេតុលែងលះក្រោយអាពាហ៍ពិពាហ៍

មូលហេតុលែងលះក្រោយអាពាហ៍ពិពាហ៍
មនុស្សម្នាក់ៗ ព្រះលោកថា សុទ្ធតែមានទិដ្ឋិអាធ្យាស្រ័យផ្ទាល់ខ្លួន ឬ គេហៅថាឧត្តមគតិ ឬ ការគិតឃើញផ្ទាល់ខ្លួនក៏បាន ។ មនុស្សពីរនាក់ដែលមានចរិតអាធ្យាស្រ័យ របៀបរបបការរស់នៅក្នុងប្រពៃណីគ្រួសារពីរផ្សេងគ្នា ត្រូវបានដាក់បញ្ចូលគ្នា តំបូងឡើងគឺស្រឡាញ់ អស់តែពីស្រឡាញ់គឺស្អប់នឹងឯង ព្រោះធម្មជាតិរបស់ចិត្តគឺប្រែប្រួលនឿយណាយមិនទៀងទាត់ ។ ការដាក់កំណត់ព្រំដែនចុះ ឬ ការដាក់ Standard
(ស្តង់ដារ)ខ្នាតគំរូផ្ទាល់ខ្លួនចុះ ឬ ព្រះហៅថា ការដាក់មានះរឹងត្អឹងចុះ គឺជាការសម្របសម្រួលគ្នា ដើម្បីសេចក្តីសុខ ព្រោះពេលខ្លះយើងដាក់កំហិតកាន់តែខ្លាំង យើងកាន់តែធ្វើជីវិតឲ្យលំបាកកាន់តែខ្លាំងដែរ ។ ប្តីប្រពន្ធទើបរៀបការរួច តែងបញ្ចេញស្តង់ដារដាក់គ្នា ទើបចេះតែមានជំលោះលែងលះគ្នា គេដណ្តើមគ្រប់គ្រងគ្នា ដោយការប្រើគ្រប់ល្បិចដើម្បីបន្ទាបបន្ថោកគ្នា ហើយស្វែងរកការគាំទ្រពីខាងក្រៅ ដែលជាការពង្រីកបញ្ហាឲ្យកាន់តែធំឡើង ។ មនុស្សតែកាលណាទាស់ជាមួយអ្នកដទៃកាន់តែខ្លាំង គឺរឹតតែអត់បានមើលខ្លួនឯងពីខាងក្នុង ខ្លះថា ខំមើលដែរ តែវាមិនឃើញ  អាមើលមិនឃើញនោះហើយដែលវារឹតតែខុស ព្រោះវាមើលឃើញតែអញត្រូវវាខុស អញខ្លាំងវាខ្សោយ អញគឺអញ្ចឹង ឯងខុស ឯងពភ្លើ  ។ គេចំណាយការប្រុងប្រយ័ត្នជាមួយវត្ថុជុំវិញខ្លួន តែគេភ្លេចប្រុងប្រយ័ត្នជាមួយវត្ថុខាងក្នុង ដែលតាមបំផ្លាញឲ្យការរស់នៅរបស់គេគ្មានក្តីសុខ  ។ នែកូនប្រុស  ប្រពៃណីខ្មែរ កូនជាអ្នករក ឯប្រពន្ធជាអ្នកទុក ឯងមិនត្រូវមើលបំណាំគ្នា ទាស់តាំងពីកិច្ចការផ្ទះសម្បែងរបស់មនុស្សស្រីនោះទេ បើឯងមានសាមាន្យចិត្ត ឯងត្រូវជួយដោយក្តីអាណិតអាសូរ ។ នែកូនស្រី! បើទោះជាឯងមានសិទ្ធិក្នុងការទុកដាក់ ក៏ឯងមិនត្រូវបោចលុយពីប្តីគ្មាននៅសល់ក្នុងហោប៉ៅមួយរៀលនោះដែរ ប្តីធ្វើដំណើរអាចជួបឧបសគ្គតាមផ្លូវគ្មានប្រាក់ដោះស្រាយ ត្រូវចេះអាណិតអាសូរគ្នា កុំយកធម៌សង្ស័យមកប្រើជាមួយប្តី នាំឲ្យប្តីចេះមានគំនិតខូចជាមួយខ្លួន មានការអីត្រូវចេះជជែកគ្នា កុំចេះតែដេកគិតរៀងខ្លួនពង្រីកបញ្ហាឲ្យរីកធំ។ សេចក្តីស្រឡាញ់គឺជាពន្លឺក្នុងផ្ទះសម្បែង ចូរប្រើសេចក្តីស្រឡាញ់ដើម្បីផ្លាស់ប្តូរ គេមិនអាចយកអំពើអាក្រក់ទៅដោះស្រាយអំពើអាក្រក់បានផលល្អនោះទេណាកូន ទាន់ពុកនៅនិយាយបាន ក៏ចេះតែនិយាយទៅ។
សិក្សាពីកាម ៖ កាមនាំឲ្យមានកាមារម្មណ៍ ដែលជាទីកើតនៃតណ្ហា កាមមានពីរយ៉ាង៖
១-វត្ថុកាម គឺអ្វីៗទាំងអស់ដែលនៅក្រៅខ្លួន(ដីធ្លីរស្រែចំការវត្ថុប្រើប្រាស់ គ្រឿងលំអផ្សេងៗ។ល។)និងជាទីប្រាថ្នារបស់ចិត្ត។
២-កិលេសកាម គឺជាចំណង់ការប៉ងប្រាថ្នា ដែលមាននៅក្នុងចិត្ត ។ជាតិជាកាម មិនដែលផ្តល់ក្តីសុខឲ្យមនុស្សឡើយ បើយើងមិនចេះគ្រប់គ្រងវាទេ វានឹងផ្តល់ទុក្ខទោសក្រៃលែងឲ្យដល់យើង ព្រោះហេតុនេះព្រះពុទ្ធបានពន្យល់ប្រាប់យើងពីទោសរបស់កាមមានឧបមាដូចតទៅ៖ កាមដូចរាងឆ្អឹង ដូចដុំសាច់ក្អែកដណ្តើមគ្នាស៊ី ដូចគប់ភ្លើងកាន់ច្រាស់ខ្យល់ ដូចរណ្តៅរងើកភ្លើង ដូចសុបិននិមិត្ត ដូចរបស់ខ្ចីគេ ដូចគេដណ្តើមផ្លែឈើ ដូចមុខលំពែងដ៏ស្រួច ដូចជ្រុញចិញ្ច្រាំសាច់ ដូចក្បាលពស់វែកដែលមានតែពិស។ល។

Post a Comment

0 Comments